មានអ្នកទោសមួយចំនួនបានដើររើសសម្រាមតាមផ្លូវ ដើម្បីកាត់បន្ថយរយៈពេលជាប់ពន្ធធនាគារ។ ពេលនោះ លោកចេមស៍(James) ដែលជាអ្នកមើលការខុសត្រូវរបស់ពួកគេស្រាប់តែដួលទៅលើដី។ ពួកគេក៏បានប្រញាប់ទៅជួយគាត់ ហើយក៏បានដឹងថា គាត់ត្រូវការការសង្រ្គោះបន្ទាន់។ មានអ្នកទោសម្នាក់ក៏បានខ្ចីទូរស័ព្ទរបស់លោកចេមស៍ ដើម្បីទូរស័ព្ទសុំជំនួយ។ ក្រោយមក នាយកដ្ឋានប៉ូលីសក៏បានធ្វើការថ្លែងអំណរគុណ ចំពោះអ្នកទោសទាំងនោះ សម្រាប់ការជួយអ្នកមើលការខុសត្រូវរបស់ខ្លួន ឲ្យបានទទួលការព្យាបាល ដោយគ្មានការស្ទាក់ស្ទើរ ជាពិសេស នៅពេលដែលពួកគេអាចព្រងើយកន្តើយចំពោះគាត់ ដោយទុកឲ្យគាត់ដេកដួលតែម្នាក់ឯង ដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល ឬឆ្លៀតឱកាសរត់គេចខ្លួន។
ចិត្តសប្បុរសធម៌របស់ពួកអ្នកទោសទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសាវ័កប៉ុល និងលោកស៊ីឡាស នៅពេលដែលពួកគេកំពុងតែជាប់គុក។ បន្ទាប់ពីពួកគេត្រូវគេវាយដំ ហើយបោះចូលទៅក្នុងគុក ស្រាប់តែមានរញ្ជួយដីកើតឡើង ធ្វើឲ្យរបូតច្រវ៉ាក់ ហើយទ្វារគុកក៏បានរបើក(កិច្ចការ ១៦:២៣-២៦)។ ពេលដែលអ្នកយាមគុកភ្ញាក់ឡើង គាត់ស្មានថា អ្នកទោសបានរត់គេចអស់ហើយ ដូចនេះ គាត់ក៏បានដកដាវបម្រុងនឹងសម្លាប់ខ្លួន (ដើម្បីជៀសវាងការទទួលទោសប្រហារជីវិត ពីបទបណ្តោយឲ្យអ្នកទោសរត់គេច)។ ពេលនោះ សាវ័កប៉ុលក៏បានស្រែកប្រាប់គាត់ថា “កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ”(ខ.២៨) អ្នកយាមគុករូបនោះក៏មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះទង្វើររបស់ពួកគេ ដែលខុសពីអ្នកទោសជាទូទៅ ធ្វើឲ្យគាត់មានការចង់ដឹងចង់យល់ អំពីព្រះដែលពួកគេថ្វាយបង្គំ ហើយទីបំផុតគាត់ក៏បានទទួលជឿព្រះអង្គផងដែរ(ខ.២៩-៣៤)។
របៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ គឺបានបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង និងអ្វីដែលយើងឲ្យតម្លៃ។ ពេលណាយើងសម្រេចចិត្តធ្វើការល្អ ជាជាងធ្វើអាក្រក់មកលើគេ នោះទង្វើររបស់យើងនឹងជំរុញគេ ឲ្យចង់ដឹងចង់យល់ អំពីព្រះដែលយើងស្គាល់ និងស្រឡាញ់។—KIRSTEN HOLMBERG