មាន​អ្នក​ទោស​មួយ​ចំនួន​បាន​ដើរ​រើស​សម្រាម​តាម​ផ្លូវ ដើម្បី​កាត់​បន្ថយ​រយៈ​ពេល​ជាប់​ពន្ធ​ធនា​គារ។ ពេល​នោះ លោក​ចេមស៍(James) ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​ពួក​គេ​ស្រាប់​តែ​ដួល​ទៅ​លើ​ដី។ ពួក​គេ​ក៏​បាន​ប្រញាប់​ទៅ​ជួយ​គាត់ ហើយ​ក៏​បាន​ដឹង​ថា គាត់​ត្រូវ​ការ​ការ​សង្រ្គោះ​បន្ទាន់។ មាន​អ្នក​ទោស​ម្នាក់​ក៏​បាន​ខ្ចី​ទូរស័ព្ទ​របស់​លោក​ចេមស៍ ដើម្បី​ទូរស័ព្ទ​សុំ​ជំនួយ។ ក្រោយ​មក នាយក​ដ្ឋាន​ប៉ូលីស​ក៏​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ ចំពោះ​អ្នក​ទោស​ទាំង​នោះ សម្រាប់​ការ​ជួយ​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​ខ្លួន ឲ្យ​បាន​ទទួល​ការ​ព្យាបាល ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ជា​ពិសេស នៅ​ពេល​ដែល​ពួកគេ​អាច​ព្រងើយ​កន្តើយ​ចំពោះ​គាត់ ដោយ​ទុក​ឲ្យ​គាត់​ដេក​ដួល​តែ​ម្នាក់​ឯង ដោយ​សារ​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬឆ្លៀត​ឱកាស​រត់​គេច​ខ្លួន។​

ចិត្ត​សប្បុរស​ធម៌​របស់​ពួក​អ្នក​ទោស​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជាប់​គុក។ បន្ទាប់​ពី​ពួក​គេ​ត្រូវ​គេ​វាយ​ដំ ហើយ​បោះ​ចូល​ទៅ​ក្នុង​គុក ស្រាប់​តែ​មាន​រញ្ជួយ​ដី​កើត​ឡើង ធ្វើ​ឲ្យ​របូត​ច្រវ៉ាក់ ហើយ​ទ្វារគុក​ក៏​បាន​របើក(កិច្ចការ ១៦:២៣-២៦)។ ពេល​ដែល​អ្នក​យាម​គុក​ភ្ញាក់​ឡើង​ គាត់​ស្មាន​ថា អ្នក​ទោស​បាន​រត់​គេច​អស់​ហើយ ដូច​នេះ គាត់​ក៏​បាន​ដក​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន (ដើម្បី​ជៀស​វាង​ការ​ទទួល​ទោស​ប្រហារ​ជីវិត ពីបទ​បណ្តោយ​ឲ្យ​អ្នក​ទោស​រត់​គេច)។ ពេល​នោះ សាវ័ក​ប៉ុល​ក៏​បាន​ស្រែក​ប្រាប់​គាត់​ថា “កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ”(ខ.២៨) អ្នក​យាម​គុក​រូប​នោះ​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទង្វើរ​របស់​ពួក​គេ ដែល​ខុស​ពី​អ្នក​ទោស​ជា​ទូទៅ ធ្វើ​ឲ្យ​គាត់​មាន​ការ​ចង់​ដឹង​ចង់​យល់ អំពី​ព្រះ​ដែល​ពួក​គេ​ថ្វាយ​បង្គំ ហើយ​ទី​បំផុត​គាត់​ក៏បាន​ទទួល​ជឿ​ព្រះ​អង្គ​ផង​ដែរ​(ខ.២៩-៣៤)។

របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ គឺ​បាន​បង្ហាញ​ចេញ​នូវ​សេច​ក្តី​ជំនឿ​របស់​យើង និង​អ្វី​ដែល​យើង​ឲ្យ​តម្លៃ។ ពេល​ណា​យើង​សម្រេច​ចិត្ត​ធ្វើ​ការ​ល្អ ជា​ជាង​ធ្វើ​អាក្រក់​មក​លើ​គេ នោះ​ទង្វើរ​របស់​យើង​នឹង​ជំរុញ​គេ ឲ្យ​ចង់​ដឹង​ចង់​យល់​ អំពី​ព្រះ​ដែល​យើង​ស្គាល់ និង​ស្រឡាញ់។​—KIRSTEN HOLMBERG