អនុស្សាវរីយ៍​ដែល​ខ្ញុំ​មាន​ជា​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​មែលលីសា(Melissa) គឺ​ពិត​ជា​មាន​ភាព​ត្រចះ​ត្រចង់​ណាស់ តែ​ខ្ញុំ​មិនអាច​មាន​ដូច​មុន​ទៀត​ឡើយ។ យើង​ធ្លាប់​បាន​មើល​នាង​លេង​បាល់​ទះ​វិទ្យាល័យ​ដោយ​អំណរ តែ​ពេល​នោះ បាន​រលាយ​បាត់​បន្តិច​ម្តង​ៗ​ពី​ការ​ចង​ចាំ​របស់​ខ្ញុំ។ ហើយ​ជួន​កាល ខ្ញុំ​ក៏​ពិបាក​នឹក​ចាំ អំពី​ស្នាម​ញញឹម​ដ៏​អៀន​ប្រៀន នៅ​លើ​ផ្ទៃ​មុខ​របស់​នាង ពេល​ដែល​យើង​កំពុង​ធ្វើ​សកម្ម​ភាព​ជា​គ្រួសារ។ ការ​ស្លាប់​របស់​នាង​នៅ​អាយុ​១៧​ឆ្នាំ បាន​ទម្លាក់វាំងនន​បាំង​បាត់​ក្តី​អំណរ ដោយ​សារ​នាង​លែង​មាន​វត្ត​មាន​ដូច​មុន​ទៀត។

ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ លោក​យេរេមា​ដឹង​ថា ចិត្ត​របស់​មនុស្ស​អាច​មាន​ភាព​ខ្ទេច​ខ្ទាំ។ គាត់​ថា “ខ្ញុំ​បាន​ភ្លេច​សេចក្តី​ចំរើន​ហើយ … សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​ក៏​ផុត​ចាក​ពី​ព្រះ​យេហូវ៉ា(៣:១៧-១៨)។ ស្ថានភាព​របស់​គាត់​ខុស​ពី​ស្ថាន​ភាព​របស់​យើង​ឆ្ងាយ​ណាស់។ គាត់​បាន​ប្រកាស់​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ឲ្យ​គេ​ប្រែ​ចិត្ត ហើយ​គាត់​ក៏​បាន​ឃើញ​ទីក្រុង​យេរូសាឡិម​ធ្លាក់​ចូល​ក្នុង​ដៃ​សត្រូវ។ ភាព​ត្រចះ​ត្រចង់​បាន​រលាយ​អស់ ព្រោះ​គាត់​មាន​អារម្មណ៍​ថា អស់​សង្ឃឹម​(ខ.១២) ឯកោ(ខ.១៤) និង​ត្រូវ​ព្រះ​ជា​ម្ចាស់​បោះ​បង់​ចោល​(ខ.១៥-២០)។

ប៉ុន្តែ រឿង​នេះ​មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ទេ។ ពន្លឺ​បាន​ចែង​ចាំង​មក​រក​គាត់។ លោក​យេរេមា​មាន​ពេញ​ដោយ​បន្ទុក និង​ភាពប្រេះ​បែក តែ​គាត់​ក៏​បាន​បន្លឺ​សម្លេង​ថា គាត់​មាន​សង្ឃឹម​ហើយ​(ខ.២១) ​គឺ​ក្តី​សង្ឃឹម ដែល​កើត​ចេញ​ពី​ការ​ដឹង​ថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ”(ខ.២២)។ ហើយ​ពេល​ដែល​ភាពត្រចះ​ត្រចង់​បាន​បាត់​បង់ អ្វី​ដែល​យើង​ត្រូវ​ចាំ​នោះ​គឺ​ “ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច”(ខ.២២-២៣)។

សូម្បី​តែ​នៅ​ថ្ងៃ​ងងឹត​បំផុត ក៏​សេចក្តី​ស្មោះ​ត្រង់​ដ៏​អស្ចារ្យ​របស់​ព្រះ​ បាន​ចែង​ចាំង​មក​លើ​យើង​ដែរ។​—DAVE BRANON