មាន​ពេល​មួយ ព្យុះ​ដែល​មាន​ផ្គរ​រន្ទះ​ខ្លាំង បាន​បក់​កាត់​ក្រុង​របស់​ខ្ញុំ ដោយ​បន្សល់​ទុក​នូវ​សំណើម​ក្នុង​កំរិត​ខ្ពស់ ហើយ​ផ្ទៃមេឃ​ក៏​បាន​ប្រែ​ជា​ងងឹត។ ខ្ញុំ​ក៏​បាន​នាំ​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​ខាលី(Callie) ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ពេល​ល្ងាច។ ពេល​នោះ​ ខ្ញុំបាន​គិត​អំពី​បញ្ហា​ប្រឈម​នៃ​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​របស់​គ្រួសារ​ខ្ញុំ​ទៅ​រដ្ឋ​ផ្សេង ដែល​ជា​បន្ទុក​កាន់​តែ​ធ្ងន់ ក្នុង​ចិត្ត​ខ្ញុំ។​ ដោយ​សារ​ចិត្ត​នឿយ​ណាយ ចំពោះ​អ្វី​ៗ​ដែល​បាន​កើត​ឡើង ខុស​យ៉ាង​ខ្លាំង​ពី​ការ​រំពឹង​ចង់​បាន និង​ក្តី​សង្ឃឹម​ដ៏​ខ្ពស់​របស់​ខ្ញុំ ខ្ញុំ​ក៏បាន​យឺត​យ៉ាវ នៅ​ក្នុង​ការ​ឲ្យ​ខាលី​ហិត​ក្លិន​ស្មៅ។ ខ្ញុំ​បាន​ឮ​សម្លេង​ទឹក​អូរ​ហូរ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​ពន្លឺភ្លើង​តូច​ល្អិត​បញ្ចេញ​ពន្លឺ​ផ្លឹប​ភ្លែត​ៗ ពី​លើ​ផ្កា​ព្រៃ​ដែល​បាន​ដុះ​ឡើង​តាម​ច្រាំង​អូរ។ តាម​ពិត ពួកវា​ជា​សត្វ​អំពិល​អំពែក។​

ពេល​នោះ​ព្រះ​អម្ចាស់​ក៏​បាន​ហ៊ុម​ព័ទ្ធ​ខ្ញុំ​ ដោយ​សន្តិ​ភាព ខណៈ​ពេល​ដែល​ខ្ញុំ​គយ​គន់​ពន្លឺ​ផ្លឹប​ភ្លែត​ៗ​របស់​សត្វ​អំពិល​អំពែក ក្នុង​ស្បែ​អន្ធ​កាល។ ខ្ញុំ​ក៏​បាន​គិត​អំពី​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ច្រៀងថា ព្រះ​អម្ចាស់​បាន​អុជ​ប្រទីប​របស់​ទ្រង់​ឲ្យ​ភ្លឺ​ឡើង​(ទំនុកដំកើង ១៨:២៨)។ ស្តេច​ដាវីឌ​បាន​ប្រកាស់​ថា ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​សេចក្តី​ងងឹត​របស់​ទ្រង់ ប្រែ​ក្លាយ​ជា​ពន្លឺ គឺ​បាន​បង្ហាញ​ថា ទ្រង់​មាន​ការ​ទុក​ចិត្ត ចំពោះ​ការ​ផ្គត់​ផ្គង់ និង​ការ​ការពារ​របស់​ព្រះ​អម្ចាស់​(ខ.២៩-៣០)។ ដោយ​មាន​ជំនួយ​មក​ពី​ព្រះ នោះ​ទ្រង់​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​គ្រប់​យ៉ាង​(ខ.៣២-៣៥)។ ស្តេច​ដាវីឌ​បាន​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​គង់​នៅ​ជា​មួយ​ទ្រង់​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ បាន​ជា​ទ្រង់​សន្យាថា​នឹង​សរសើរ​ដំកើង​ព្រះ​អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ហើយ​ច្រៀង​សរសើរ​ព្រះ​នាម​ព្រះ​អង្គ​(ខ.៣៦-៤៩)។

ទោះ​យើង​កំពុង​តែ​អត់​ទ្រំា​នឹង​ខ្យល់​ព្យុះ ក្នុង​ជីវិត​យើង ឬ​កំពុង​អរសប្បាយ​នឹង​ភាព​ស្ងប់​សុខ បន្ទាប់​ពី​ព្យុះ​ភ្លៀង​បាន​កន្លងផុត​ទៅ សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត​នៃ​ព្រះ​វត្ត​មាន​ព្រះ បាន​បំភ្លឺ​ផ្លូវ​យើង ឆ្លង​កាត់​ភាព​ងងឹត។ ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ នឹង​តែង​តែ​ធ្វើ​ជា​កម្លាំង ជម្រក និង​ធ្វើ​ជា​អ្នក​ទ្រទ្រង់ និង​រំដោះ​យើង​ជា​និច្ច។—XOCHITL DIXON