អនុស្សាវរីយ៍ដែលខ្ញុំមានជាកូនស្រីរបស់ខ្ញុំ ឈ្មោះមែលលីសា(Melissa) គឺពិតជាមានភាពត្រចះត្រចង់ណាស់ តែខ្ញុំមិនអាចមានដូចមុនទៀតឡើយ។ យើងធ្លាប់បានមើលនាងលេងបាល់ទះវិទ្យាល័យដោយអំណរ តែពេលនោះ បានរលាយបាត់បន្តិចម្តងៗពីការចងចាំរបស់ខ្ញុំ។ ហើយជួនកាល ខ្ញុំក៏ពិបាកនឹកចាំ អំពីស្នាមញញឹមដ៏អៀនប្រៀន នៅលើផ្ទៃមុខរបស់នាង ពេលដែលយើងកំពុងធ្វើសកម្មភាពជាគ្រួសារ។ ការស្លាប់របស់នាងនៅអាយុ១៧ឆ្នាំ បានទម្លាក់វាំងននបាំងបាត់ក្តីអំណរ ដោយសារនាងលែងមានវត្តមានដូចមុនទៀត។
ក្នុងកណ្ឌគម្ពីរបរិទេវ លោកយេរេមាដឹងថា ចិត្តរបស់មនុស្សអាចមានភាពខ្ទេចខ្ទាំ។ គាត់ថា “ខ្ញុំបានភ្លេចសេចក្តីចំរើនហើយ … សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ា(៣:១៧-១៨)។ ស្ថានភាពរបស់គាត់ខុសពីស្ថានភាពរបស់យើងឆ្ងាយណាស់។ គាត់បានប្រកាស់ការជំនុំជម្រះរបស់ព្រះឲ្យគេប្រែចិត្ត ហើយគាត់ក៏បានឃើញទីក្រុងយេរូសាឡិមធ្លាក់ចូលក្នុងដៃសត្រូវ។ ភាពត្រចះត្រចង់បានរលាយអស់ ព្រោះគាត់មានអារម្មណ៍ថា អស់សង្ឃឹម(ខ.១២) ឯកោ(ខ.១៤) និងត្រូវព្រះជាម្ចាស់បោះបង់ចោល(ខ.១៥-២០)។
ប៉ុន្តែ រឿងនេះមិនទាន់ចប់តែប៉ុណ្ណេះទេ។ ពន្លឺបានចែងចាំងមករកគាត់។ លោកយេរេមាមានពេញដោយបន្ទុក និងភាពប្រេះបែក តែគាត់ក៏បានបន្លឺសម្លេងថា គាត់មានសង្ឃឹមហើយ(ខ.២១) គឺក្តីសង្ឃឹម ដែលកើតចេញពីការដឹងថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ”(ខ.២២)។ ហើយពេលដែលភាពត្រចះត្រចង់បានបាត់បង់ អ្វីដែលយើងត្រូវចាំនោះគឺ “ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច”(ខ.២២-២៣)។
សូម្បីតែនៅថ្ងៃងងឹតបំផុត ក៏សេចក្តីស្មោះត្រង់ដ៏អស្ចារ្យរបស់ព្រះ បានចែងចាំងមកលើយើងដែរ។—DAVE BRANON