ត្រេវ័រ(Trevor) ជាយុវជនអាយុ១៧ឆ្នាំ ដែលមានការនឿយណាយ និងខកចិត្តចំពោះពួកជំនុំ ហើយក៏បានចាប់ផ្តើមស្វែងរកចម្លើយ អស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែ អ្វីដែលគាត់បានរកឃើញ ហាក់ដូចជាមិនបានធ្វើឲ្យគាត់មានការស្កប់ចិត្ត ឬបានឆ្លើយសំណួរគាត់ឡើយ។
ដំណើររុករករបស់គាត់ បានទាញនាំគាត់ ឲ្យចូលទៅជិតឪពុកម្តាយរបស់គាត់កាន់តែខ្លាំង។ ប៉ុន្តែ គាត់នៅតែមានបញ្ហា ជាមួយនឹងជំនឿលើព្រះគ្រីស្ទ។ ក្នុងអំឡុងពេលជជែកគ្នា គាត់បានលាន់មាត់ ដោយចិត្តល្វីងជូរចត់ថា “ព្រះគម្ពីរមានពេញដោយការសន្យាខ្យល់”។
ស្តេចដាវីឌក៏ធ្លាប់ប្រឈមមុខដាក់ការខកចិត្ត និងទុក្ខលំបាក ដែលនាំឲ្យទ្រង់មានការសង្ស័យ ចំពោះជំនឿរបស់ទ្រង់។ ប៉ុន្តែ ពេលដែលទ្រង់រត់គេចពីសត្រូវ ដែលព្យាយាមធ្វើគុតទ្រង់ ទ្រង់ក៏បានឆ្លើយតបចំពោះបញ្ហានេះ ដោយសរសើរដំកើងព្រះ ជាជាងរត់ចេញពីទ្រង់។ គឺដូចដែលទ្រង់បានច្រៀងសរសើរថា “ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ
គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ”(ទំនុកដំកើង ២៧:៣)។
ប៉ុន្តែ កំណាព្យរបស់ស្តេចដាវីឌ ហាក់ដូចជាបង្ហាញការសង្ស័យរបស់ទ្រង់។ ទ្រង់បានពោលទំនួញថា “សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង”(ខ.៧)។ ត្រង់ចំណុចនេះ ទ្រង់ប្រៀបបាននឹងមនុស្សដែលមានការភ័យខ្លាច និងមានសំណួរ។ ហើយទ្រង់ក៏បានទូលអង្វរថា “សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ … ឬបោះបង់ចោលទូលបង្គំឡើយ”(ខ.៩)។
ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានជម្នះការសង្ស័យរបស់ទ្រង់។ នៅពេលដែលទ្រង់មានការសង្ស័យ ទ្រង់បានប្រកាស់ថា ទ្រង់នឹងបានឃើញសេចក្តីល្អរបស់ព្រះអម្ចាស់ នៅស្ថានមនុស្សរស់(ខ.១៣)។ បន្ទាប់មក ទ្រង់ក៏បាននិយាយមកកាន់យើងរាល់គ្នា និងមនុស្សទាំងអស់ដែលមានការសង្ស័យថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ”(ខ.១៤)។
យើងមិនតែងតែអាចរកឃើញចម្លើយដែលងាយយល់ និងឆាប់រហ័ស សម្រាប់សំណួរដ៏ពិបាកឆ្លើយនោះឡើយ។ ប៉ុន្តែ យើងតែងតែអាចរកឃើញព្រះដែលយើងអាចទុកចិត្ត ពេលណាយើងរង់ចាំព្រះអង្គ។—TIM GUSTAFSON