ត្រេវ័រ(Trevor) ជា​យុវជន​អាយុ​១៧​ឆ្នាំ ដែល​មាន​ការ​នឿយ​ណាយ និង​ខក​ចិត្ត​ចំពោះ​ពួក​ជំនុំ ហើយ​ក៏​បាន​ចាប់​ផ្តើម​ស្វែង​រក​ចម្លើយ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ ​អ្វី​ដែល​គាត់​បាន​រក​ឃើញ ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ស្កប់​ចិត្ត ឬ​បាន​ឆ្លើយ​សំណួរ​គាត់​ឡើយ។​

ដំណើរ​រុក​រក​របស់​គាត់ បាន​ទាញ​នាំ​គាត់ ឲ្យ​ចូល​ទៅ​ជិត​ឪពុក​ម្តាយ​របស់​គាត់​កាន់​តែ​ខ្លាំង។ ប៉ុន្តែ គាត់​នៅ​តែ​មាន​បញ្ហា ​ជា​មួយ​នឹង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ ក្នុង​អំឡុង​ពេល​ជជែក​គ្នា គាត់​បាន​លាន់​មាត់ ដោយ​ចិត្ត​ល្វីង​ជូរ​ចត់​ថា “ព្រះ​គម្ពីរ​មាន​​ពេញ​ដោយ​ការ​សន្យា​ខ្យល់”។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ប្រឈម​មុខ​ដាក់​ការ​ខក​ចិត្ត និង​ទុក្ខ​លំបាក ដែល​នាំ​ឲ្យ​ទ្រង់​មាន​ការ​សង្ស័យ ចំពោះ​ជំនឿ​របស់​ទ្រង់។ ប៉ុន្តែ ពេល​ដែល​ទ្រង់​រត់​គេច​ពី​សត្រូវ ដែល​ព្យាយាម​ធ្វើ​គុត​ទ្រង់ ទ្រង់​ក៏​បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ដោយ​សរសើរ​ដំកើង​ព្រះ​ ជា​ជាង​រត់​ចេញ​ពី​ទ្រង់។​ គឺ​ដូច​ដែល​ទ្រង់​បាន​ច្រៀង​សរសើរ​ថា “ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ

គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ ទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំ គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ”(ទំនុកដំកើង ២៧:៣)។

ប៉ុន្តែ កំណាព្យ​របស់​ស្តេច​ដាវីឌ ហាក់​ដូច​ជា​បង្ហាញ​ការ​សង្ស័យ​របស់​ទ្រង់។​ ទ្រង់​បាន​ពោល​ទំនួញ​ថា “សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង”(ខ.៧)។ ត្រង់​ចំណុច​នេះ ទ្រង់​ប្រៀប​បាន​នឹង​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច និង​មាន​សំណួរ​។ ហើយ​ទ្រង់​ក៏​បាន​ទូល​អង្វរ​ថា “សូម​កុំ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ … ឬ​បោះបង់​ចោល​ទូលបង្គំ​ឡើយ”(ខ.៩)។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ទ្រង់​បាន​ជម្នះ​ការ​សង្ស័យ​របស់​ទ្រង់។ នៅ​ពេល​ដែល​ទ្រង់​មាន​ការ​សង្ស័យ ទ្រង់​បាន​ប្រកាស់​ថា ទ្រង់​នឹង​បាន​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ​អម្ចាស់ នៅ​ស្ថាន​មនុស្ស​រស់​(ខ.១៣)។ បន្ទាប់​មក ទ្រង់​ក៏​បាន​និយាយ​មកកាន់​យើង​រាល់​គ្នា និង​មនុស្ស​ទាំង​អស់​ដែល​មាន​ការ​សង្ស័យ​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ខ.១៤)។

យើង​មិន​តែង​តែ​អាច​រក​ឃើញ​ចម្លើយ​ដែល​ងាយ​យល់ និង​ឆាប់​រហ័ស សម្រាប់​សំណួរ​ដ៏​ពិបាក​ឆ្លើយ​នោះ​ឡើយ។ ប៉ុន្តែ យើង​តែង​តែ​អាច​រក​ឃើញ​ព្រះ​ដែល​យើង​អាច​ទុក​ចិត្ត ពេល​ណា​យើង​រង់​ចាំ​ព្រះ​អង្គ។​—TIM GUSTAFSON