នៅក្នុងខ្សែរាជវង្ស នៃចក្រភពអង់គ្លេស អ្នកដែលមានភាពជិតស្និទ្ធនឹងរាជបល្ល័ង្ក កាន់តែខ្លាំងប៉ុណ្ណា នោះឈ្មោះគាត់ក៏កាន់តែល្បីល្បាញ ដល់សាធារណៈជនផងដែរ។ តែអ្នកដទៃទៀត ស្ទើរតែគ្មាននរណាម្នាក់នឹកចាំ។ រាជវង្សរបស់ប្រទេសអង់គ្លេស មានបញ្ជីរឈ្មោះអ្នកស្នងរាជ្យមួយខ្សែ ដែលរួមមានមនុស្សជិត៦០នាក់។ ក្នុងចំណោមនោះ មានព្រះអង្គម្ចាស់ ហ្វ្រេដឺរិក វីនស៊រ(Frederic Windsor) ដែលស្ថិតក្នុងលេខរាងទី៤៩ ក្នុងបញ្ជីឈ្មោះអ្នកស្នងរាជ្យ។ ទ្រង់មិនបានចេញមុខចេញមាត់ទេ តែផ្ទុយទៅវិញ ទ្រង់បានបន្តរស់នៅ ក្នុងភាពស្ងាត់ស្ងៀម។ ទោះទ្រង់មានការងារជាអ្នកវិភាគផ្នែកហិរញ្ញវត្ថុ គេនៅតែមិនបានចាត់ទុកទ្រង់ជា “រាជវង្សានុវង្សដែលធ្វើការងារ” ដែលជាសមាជិកគ្រួសាររាជវង្សដ៏សំខាន់ ដែលបានទទួលប្រាក់បៀវត្ស សម្រាប់ការធ្វើជាតំណាងឲ្យរាជវង្ស។
ព្រះអង្គម្ចាស់ណាថាន គឺជាបុត្រារបស់ស្តេចដាវីឌ(២សាំយ៉ូអែល ៥:១៤) ក៏ជាសមាជិកគ្រួសាររាជវង្ស ដែលមិនបានចេញមុខចេញមាត់។ ព្រះគម្ពីរបាននិយាយច្រើន អំពីទ្រង់ទេ។ ប៉ុន្តែ ព្រះនាមរបស់ទ្រង់ ត្រូវបានកត់ទុក ក្នុងបញ្ជីខ្សែលោហិតរបស់ព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរលូកា ដែលអ្នកប្រាជ្ញជាច្រើនជឿថា ខ្សែលោហិតនោះ ជាខ្សែលោហិតរបស់ព្រះយេស៊ូវ នៅខាងនាងម៉ារា(លូកា ៣:៣១) ខណៈពេលដែលកណ្ឌគម្ពីរម៉ាថាយ បានកត់ទុកព្រះនាមស្តេចសាឡូម៉ូន ក្នុងខ្សែលោហិតរបស់ព្រះយេស៊ូវ។
ទោះព្រះអង្គម្ចាស់ណាថានមិនបានសោយរាជ្យក៏ដោយ ក៏ទ្រង់នៅតែមានតួនាទីមួយ ក្នុងនគរព្រះ ជារៀងរហូត។
ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ ហើយក៏ជាសមាជិកគ្រួសាររាជវង្សរបស់ព្រះអង្គ សាវ័កយ៉ូហានបានចែងថា ព្រះជាម្ចាស់បានប្រទានឲ្យយើងមាន “សិទ្ធិធ្វើជាកូនព្រះ”(យ៉ូហាន ១:១២)។ យើងប្រហែលមិនមានឈ្មោះល្បី តែយើងជាកូនរបស់ព្រះ ដែលជាមហាក្សត្រ! ព្រះជាម្ចាស់បានចាត់ទុកយើងម្នាក់ៗ ជាមនុស្សសំខាន់ ដែលអាចធ្វើជាតំណាងឲ្យព្រះអង្គ នៅលើផែនដីនេះ ហើយថ្ងៃណាមួយនឹងបានសោយរាជ្យជាមួយព្រះអង្គ(២ធីម៉ូថេ ២:១១-១៣)។ យើងមិនបានពាក់មកុដនៅលើផែនដីនេះ គឺមិនខុសពីព្រះអង្គម្ចាស់ណាថានឡើយ តែយើងនៅតែមានចំណែក នៅក្នុងនគរព្រះ។—LINDA WASHINGTON