លោកម៉ាលខម មូគើរីច(Malcolm Muggeridge) ជាអ្នកកាសែត ដែលបានសរសេរកំណត់ហេតុ អំពីពេលល្ងាចដ៏ក្រៀមក្រំ ក្នុងអំឡុងពេលដែលគាត់ធ្វើការជាចារបុរស ក្នុងសង្រ្គាមលោកលើកទី២។ គាត់សរសេរថា “ខ្ញុំគេងនៅលើគ្រែរបស់ខ្ញុំ មានពេញដោយស្រាចាស់ និងភាពអស់សង្ឃឹម។ នៅតែឯងក្នុងចក្រវាល ក្នុងពេលវេលាដ៏វែងអស់កល្ប ដោយគ្មានពន្លឺនៃក្តីសង្ឃឹមសោះ”។ ក្នុងស្ថានភាពបែបនេះ គាត់ធ្វើរឿងមួយដែលគាត់គិតថាសមហេតុផល គឺគាត់បានព្យាយាមសម្លាប់ខ្លួននៅក្នុងទឹក។ គាត់ក៏បានបើកឡានទៅរកឆ្នេរដែលនៅជិតបំផុត ក្នុងប្រទេសម៉ាដាកាស្កា ហើយក៏បានចាប់ផ្តើមការហែលទឹកចម្ងាយឆ្ងាយ ចូលទៅក្នុងមហាសមុទ្រ ទាល់តែគាត់អស់កម្លាំង។ គាត់ក៏បានក្រឡេកមកក្រោយវិញ ឃើញពន្លឺភ្លើងនៅលើមាត់ឆ្នេរពីចម្ងាយ។ គាត់ក៏បានចាប់ផ្តើមហែលទឹកត្រឡប់ទៅរកពន្លឺទាំងនោះ ដោយមិនដឹងច្បាស់ថា ហេតុអ្វីគាត់ត្រូវត្រឡប់ទៅវិញ។ គាត់មានការហត់នឿយណាស់ តែគាត់នៅតែរាប់វា “ជាក្តីអំណរដ៏លើសលុប”។
លោកមូគើរីចមិនដឹងច្បាស់ថា ព្រះអង្គបានធ្វើការក្នុងចិត្តគាត់ដោយរបៀបណាទេ តែគាត់ដឹងថា ព្រះអង្គបានឈោងមករកគាត់ ក្នុងពេលដ៏ងងឹត ដោយធ្វើឲ្យគាត់មានសង្ឃឹមឡើងវិញភ្លាម ដែលនេះអាចជាការអស្ចារ្យ។ សាវ័កប៉ុលបានបង្រៀនជាច្រើនដង អំពីក្តីសង្ឃឹមប្រភេទនេះ។ ក្នុងបទគម្ពីរអេភេសូរ គាត់បានកត់សំគាល់ថា មុនពេលយើងស្គាល់ព្រះគ្រីស្ទ យើងម្នាក់ៗដែលស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ”(២:១,១២)។ ប៉ុន្តែ “ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ”(ខ.៤-៥)។
លោកិយនេះបានព្យាយាមអូសទាញយើងទម្លាក់រណ្តៅដ៏ជ្រៅ ប៉ុន្តែ យើងគ្មានហេតុផលដែលត្រូវទទួលយកភាពអស់សង្ឃឹមនោះឡើយ។ គឺដូចដែលលោកមូគើរីចបានមានរៀបរាប់អំពីការហែលទឹកក្នុងសមុទ្រថា “ខ្ញុំដឹងច្បាស់ថា គ្មានភាពងងឹតទេ តែយើងអាចមើលមិនឃើញពន្លឺដែលបានចែងចាំងអស់កល្បជានិច្ច”។—TIM GUSTAFSON