លោក​ម៉ាលខម មូគើរីច(Malcolm Muggeridge) ជា​អ្នក​កាសែត ដែល​បាន​សរសេរ​កំណត់​ហេតុ អំពី​ពេល​ល្ងាច​ដ៏​ក្រៀម​ក្រំ ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ការ​ជា​ចារ​បុរស ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ គាត់​សរសេរ​ថា​ “ខ្ញុំ​គេង​នៅ​លើ​គ្រែ​របស់​ខ្ញុំ មាន​ពេញ​ដោយ​ស្រា​ចាស់ និង​ភាព​អស់​សង្ឃឹម។ នៅ​តែ​ឯង​ក្នុង​ចក្រ​វាល ក្នុង​ពេល​វេលាដ៏​វែង​អស់​កល្ប ដោយ​គ្មាន​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សោះ”។ ក្នុង​ស្ថាន​ភាព​បែប​នេះ គាត់​ធ្វើ​រឿង​មួយ​ដែល​គាត់​គិត​ថា​សម​ហេតុ​ផល គឺ​គាត់​បាន​ព្យាយាមសម្លាប់​ខ្លួន​នៅ​ក្នុង​ទឹក។​ គាត់​ក៏​បាន​បើក​ឡាន​ទៅ​រក​ឆ្នេរ​ដែល​នៅ​ជិត​បំផុត ក្នុង​ប្រទេស​ម៉ាដាកាស្កា ហើយ​ក៏​បាន​ចាប់ផ្តើម​ការ​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ ចូល​ទៅ​ក្នុង​មហា​សមុទ្រ ទាល់​តែ​គាត់​អស់​កម្លាំង។ គាត់​ក៏​បាន​ក្រឡេក​មក​ក្រោយ​វិញ ឃើញ​ពន្លឺ​ភ្លើង​នៅ​លើ​មាត់​ឆ្នេរ​ពី​ចម្ងាយ។ គាត់​ក៏​បាន​ចាប់​ផ្តើម​ហែល​ទឹក​ត្រឡប់​ទៅ​រក​ពន្លឺ​ទាំង​នោះ ដោយ​មិន​ដឹងច្បាស់​ថា ​ហេតុ​អ្វី​គាត់​ត្រូវ​ត្រឡប់​ទៅ​វិញ។​ គាត់​មាន​ការ​ហត់​នឿយ​ណាស់ តែ​គាត់​នៅ​តែ​រាប់​វា “ជាក្តី​អំណរ​ដ៏​លើស​លុប”។​

លោក​មូគើរីច​មិន​ដឹង​ច្បាស់​ថា ព្រះ​អង្គ​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​គាត់​ដោយ​របៀប​ណាទេ​ តែ​គាត់​ដឹង​ថា ព្រះ​អង្គ​បាន​ឈោង​មក​រក​គាត់ ក្នុង​ពេល​ដ៏​ងងឹត ដោយ​ធ្វើ​ឲ្យ​គាត់​មាន​សង្ឃឹម​ឡើង​វិញ​ភ្លាម ដែល​នេះ​អាច​ជា​ការ​អស្ចារ្យ។ សាវ័ក​ប៉ុល​បានបង្រៀន​ជា​ច្រើន​ដង អំពី​ក្តី​សង្ឃឹម​ប្រភេទ​នេះ។ ក្នុង​បទ​គម្ពីរ​អេភេសូរ គាត់​បាន​កត់​សំគាល់​ថា មុន​ពេល​យើង​ស្គាល់​ព្រះគ្រីស្ទ​ យើង​ម្នាក់​ៗ​ដែល​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ”(២:១,១២)។ ប៉ុន្តែ “ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើស​លុប ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ”(ខ.៤-៥)។

លោកិយ​នេះ​បាន​ព្យាយាម​អូស​ទាញ​យើង​ទម្លាក់​រណ្តៅដ៏​ជ្រៅ ប៉ុន្តែ យើង​គ្មាន​ហេតុ​ផល​ដែល​ត្រូវ​ទទួល​យក​ភាព​អស់​សង្ឃឹម​នោះ​ឡើយ។ គឺ​ដូច​ដែល​លោក​មូគើរីច​បាន​មាន​រៀប​រាប់​អំពី​ការ​ហែល​ទឹក​ក្នុង​សមុទ្រ​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា គ្មាន​ភាព​ងងឹត​ទេ តែ​យើង​អាច​មើល​មិន​ឃើញ​ពន្លឺ​ដែល​បាន​ចែង​ចាំង​អស់​កល្ប​ជានិច្ច”។—TIM GUSTAFSON