បន្ទាប់ពី ខ្ញុំ​បាន​សន្ទនា ជា​មួយ​លោក​ក្រេឌី(Grady) ខ្ញុំ​ក៏​បាន​ដឹង អំពី​មូល​ហេតុ​ដែល​គាត់​ស្វាគមន៍​គ្នា ដោយ “ការ​ជល់ដៃ​គ្នា” ​ជា​ជាង​ចាប់​រលាក់​ដៃ។ តាម​ពិត ការ​ចាប់​រលាក់​ដៃ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ស្នាម​សំលាក នៅ​លើក​ដៃ​គាត់ ដែល​បាន​កើត​ឡើង​ពី​ការ​ធ្វើ​បាប​ខ្លួន​ឯង។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​យើង​ព្យាយាម​លាក់​ស្នាម​របួស ទំាង​ខាង​ក្នុង និង​ខាង​ក្រៅ ដែល​បាន​បង្ករ​ឡើង ដោយ​អ្នក​ដទៃ ឬ​ខ្លួន​ឯង។​​

បន្ទាប់​ពី​ខ្ញុំ​បាន​សន្ទនា​ជា​មួយ​លោក​ក្រេឌី​ហើយ ខ្ញុំ​ក៏​បាន​គិត​អំពី​ស្នាម​សំលាក នៅ​លើ​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ ដែលត្រូវ​បាន​ដែក​គោល​ចាក់​ទំលុះ​ នៅ​លើ​ព្រះ​ហស្ត និង​ព្រះ​បាទ ហើយ​លំពែង​ចាក់​ទំលុះ​ចំហៀង​របស់​ព្រះ​អង្គ។ ប៉ុន្តែ ព្រះអង្គ​មិន​បាន​លាក់​ស្នាម​សំលាក​ទេ តែព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​គេ​ចាប់​អារម្មណ៍​វិញ។​

បន្ទាប់​ពី​លោក​ថូម៉ាស​មាន​ការ​សង្ស័យ ចំពោះ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​ក៏​បាន​ប្រាប់​គាត់ “ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ”(យ៉ូហាន ២០:២៧)។ ពេល​ដែល​លោក​ថូម៉ាស​បាន​ឃើញ​ស្នាម​សំលាក​នោះ ហើយ​បាន​ឮ​ព្រះ​គ្រីស្ទ​មាន​បន្ទូលដោយ​ផ្ទាល់ គាត់​ក៏​បាន​ជឿថា​ ព្រះ​អង្គ​ពិត​ជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន។​ គាត់​ក៏​បាន​លាន់​មាត់​ថា “ឱ​ព្រះអម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ”(ខ.២៨)។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ប្រទាន​ព្រះ​ពរ​ពិសេស​មួយ ដល់​អ្នកដែល​បាន​ជឿ​ទ្រង់ ទោះ​មិន​បាន​ឃើញ​ព្រះ​អង្គ ឬ​របួស​ព្រះ​អង្គ​ក៏​ដោយ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា“មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ”(ខ.២៩)។

ដំណឹង​ល្អ​បំផុត​នោះ​គឺ​ថា ស្នាម​សំលាក​របស់​ព្រះ​អង្គ គឺ​ដោយ​សារ​អំពើ​បាប​របស់​យើង។ ការ​សុគត​របស់​ព្រះ​យេស៊ូវ គឺដើម្បី​អត់​ទោស​បាប អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ ហើយ​សារភាព ដូច​លោក​ថូម៉ាស់​ថា “ឱ​ព្រះ​អម្ចាស់​ទូល​បង្គំ ឱ​ព្រះ​នៃទូល​បង្គំ​អើយ”។—ARTHUR JACKSON