បន្ទាប់ពី ខ្ញុំបានសន្ទនា ជាមួយលោកក្រេឌី(Grady) ខ្ញុំក៏បានដឹង អំពីមូលហេតុដែលគាត់ស្វាគមន៍គ្នា ដោយ “ការជល់ដៃគ្នា” ជាជាងចាប់រលាក់ដៃ។ តាមពិត ការចាប់រលាក់ដៃ ធ្វើឲ្យគេមើលឃើញស្នាមសំលាក នៅលើកដៃគាត់ ដែលបានកើតឡើងពីការធ្វើបាបខ្លួនឯង។ វាមិនមែនជារឿងចម្លែកទេ ដែលយើងព្យាយាមលាក់ស្នាមរបួស ទំាងខាងក្នុង និងខាងក្រៅ ដែលបានបង្ករឡើង ដោយអ្នកដទៃ ឬខ្លួនឯង។
បន្ទាប់ពីខ្ញុំបានសន្ទនាជាមួយលោកក្រេឌីហើយ ខ្ញុំក៏បានគិតអំពីស្នាមសំលាក នៅលើព្រះកាយរបស់ព្រះយេស៊ូវ ដែលត្រូវបានដែកគោលចាក់ទំលុះ នៅលើព្រះហស្ត និងព្រះបាទ ហើយលំពែងចាក់ទំលុះចំហៀងរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គមិនបានលាក់ស្នាមសំលាកទេ តែព្រះអង្គបានបង្ហាញឲ្យគេចាប់អារម្មណ៍វិញ។
បន្ទាប់ពីលោកថូម៉ាសមានការសង្ស័យ ចំពោះការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គក៏បានប្រាប់គាត់ “ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ”(យ៉ូហាន ២០:២៧)។ ពេលដែលលោកថូម៉ាសបានឃើញស្នាមសំលាកនោះ ហើយបានឮព្រះគ្រីស្ទមានបន្ទូលដោយផ្ទាល់ គាត់ក៏បានជឿថា ព្រះអង្គពិតជាបានមានព្រះជន្មរស់ឡើងវិញមែន។ គាត់ក៏បានលាន់មាត់ថា “ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ”(ខ.២៨)។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រទានព្រះពរពិសេសមួយ ដល់អ្នកដែលបានជឿទ្រង់ ទោះមិនបានឃើញព្រះអង្គ ឬរបួសព្រះអង្គក៏ដោយ។ គឺដូចដែលព្រះអង្គមានបន្ទូលថា“មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ”(ខ.២៩)។
ដំណឹងល្អបំផុតនោះគឺថា ស្នាមសំលាករបស់ព្រះអង្គ គឺដោយសារអំពើបាបរបស់យើង។ ការសុគតរបស់ព្រះយេស៊ូវ គឺដើម្បីអត់ទោសបាប អស់អ្នកដែលជឿព្រះអង្គ ហើយសារភាព ដូចលោកថូម៉ាស់ថា “ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ”។—ARTHUR JACKSON