កាលពីឆ្នាំ២០១៩ កន្លែងតាំងពិពណ៌សិល្បៈទូទាំងពិភពលោក បានធ្វើការរំឭកខួបនៃការស្លាប់គំរប់៥០0ឆ្នាំ របស់លោកលីអូណាដូ ដាវីនស៊ី(Leonardo da Vinci)។ គាត់បានគូរគំនូរជាច្រើនផ្ទាំង និងបានធ្វើការរុករកឃើញជាច្រើន ក្នុងផ្នែកវិទ្យាសាស្រ្ត ដែលសព្វថ្ងៃនេះ គេបានយកស្នាដៃរបស់គាត់មកដាក់តាំងពិពណ៌នៅទូកញ្ចក់ ប៉ុន្តែ ក្នុងចំណោមនោះ មានផ្ទំាងគំនូរតែ៥ផ្ទាំងប៉ុណ្ណោះ ដែលបានគូរចប់សព្វគ្រប់ ត្រូវបានគេទទួលស្គាល់ថា ជាស្នាដៃរបស់គាត់ ដោយរាប់បញ្ចូលទាំងផ្ទាំងគំនូរអំពីពិធីលៀងព្រះអម្ចាស់ផងដែរ។
ផ្ទាំងគំនូរលើជញ្ជាំងដ៏ស្មុគ្រស្មាញនេះ បានពិពណ៌នា អំពីអាហារចុងក្រោយ ដែលព្រះយេស៊ូវបានសោយ ជាមួយពួកសាវ័ក ដូចដែលបានពិពណ៌នា ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន។ អត្ថន័យនៃផ្ទាំងគំនូរនេះ បានផ្តោតទៅលើការភ័ន្តភាំងរបស់ពួកសាវ័ក ពេលដែលព្រះយេស៊ូវមានបន្ទូលថា ក្នុងចំណោមពួកគេ មានម្នាក់នឹងក្បត់ព្រះអង្គ(យ៉ូហាន ១៣:២១)។ ពួកសាវ័កក៏បានចោទសួរគ្នាទៅវិញទៅមកថា តើនរណានឹងក្បត់ព្រះអង្គ ខណៈពេលដែលលោកយូដាសលួចចេញទៅក្រៅយ៉ាងស្ងាត់ស្ងៀម នៅពេលយប់ ដើម្បីទៅប្រាប់ពួកអាជ្ញាធរ អំពីទីតាំងរបស់គ្រូ និងមិត្តភក្តិរបស់គាត់។
អំពើក្បត់របស់យូដាសបាននាំមកនូវការឈឺចាប់ គឺដូចដែលបានបង្ហាញ ក្នុងព្រះបន្ទូលព្រះយេស៊ូវថា “អ្នកដែលបរិភោគនំបុ័ង ជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ”(ខ.១៨)។ យូដាសក៏ជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូវដែរ បានជាគាត់អាចញាំអាហារជាមួយព្រះអង្គ ហើយ ភាពជិតស្និទ្ធនេះ ធ្វើឲ្យព្រះយេស៊ូវរងទុក្ខ។
យើងម្នាក់ៗប្រហែលជាធ្លាប់ត្រូវមិត្តភក្តិក្បត់។ តើយើងអាចឆ្លើយតប ចំពោះការឈឺចាប់នេះ ដោយរបៀបណា? សូមកុំអស់សង្ឃឹមឡើយ។ ព្រះយេស៊ូវបានដកស្រង់បទគម្ពីរ ទំនុកដំកើង ៤១:៩ ដើម្បីបង្ហាញថា អ្នកដែលក្បត់ព្រះអង្គក៏មានវត្តមាន ក្នុងពេលញាំអាហារជាមួយព្រះអង្គផងដែរ(យ៉ូហាន ១៣:១៨)។ បន្ទាប់ពីស្តេចដាវីឌបានបង្ហាញការឈឺចាប់ ចំពោះល្បិចកលរបស់មិត្តសំឡាញ់របស់ទ្រង់ ទ្រង់ក៏បានទទួលការកម្សាន្តចិត្ត ក្នុងសេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះជាម្ចាស់ ដែលនាំឲ្យទ្រង់មានកម្លាំងឡើង ហើយជួយឲ្យទ្រង់នៅជាប់ជាមួយព្រះវត្តមានព្រះ ជារៀងរហូត(ទំនុកដំកើង ៤១:១១-១២)។
ពេលណាមិត្តភក្តិធ្វើឲ្យយើងខកចិត្ត យើងអាចរកឃើញការកម្សាន្តចិត្ត ដោយដឹងថា សេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះ នឹងនៅជាប់ជាមួយយើងជានិច្ច ដើម្បីជួយយើងឲ្យស៊ូទ្រំា ទោះមានការឈឺចាប់យ៉ាងណាក៏ដោយ។—LISA M. SAMRA