កាល​ពី​ឆ្នាំ​២០១៩ កន្លែង​តាំង​ពិពណ៌​សិល្បៈ​ទូទាំង​ពិភព​លោក បាន​ធ្វើ​ការ​រំឭក​ខួប​នៃ​ការ​ស្លាប់​គំរប់​៥០​0ឆ្នាំ របស់​លោក​លីអូណាដូ ដាវីនស៊ី(Leonardo da Vinci)។ គាត់​បាន​គូរ​គំនូរ​ជា​ច្រើន​ផ្ទាំង និង​បាន​ធ្វើ​ការ​រុក​រក​ឃើញ​ជា​ច្រើន ក្នុង​ផ្នែក​វិទ្យា​សាស្រ្ត ដែល​សព្វថ្ងៃ​នេះ គេ​បាន​យក​ស្នាដៃ​របស់​គាត់​មក​ដាក់​តាំង​ពិពណ៌​នៅ​ទូកញ្ចក់ ប៉ុន្តែ ក្នុង​ចំណោម​នោះ មាន​ផ្ទំាង​គំនូរ​តែ​៥​ផ្ទាំងប៉ុណ្ណោះ ដែលបាន​គូរ​ចប់​សព្វ​គ្រប់ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ស្នា​ដៃ​របស់​គាត់ ដោយ​រាប់​បញ្ចូល​ទាំង​ផ្ទាំង​គំនូរ​អំពី​ពិធី​លៀង​ព្រះ​អម្ចាស់​ផង​ដែរ។​

ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ដ៏​ស្មុគ្រ​ស្មាញ​នេះ បាន​ពិពណ៌​នា អំពី​អាហារ​ចុង​ក្រោយ ដែល​ព្រះ​យេស៊ូវ​បាន​សោយ ជា​មួយ​ពួក​សាវ័ក ​ដូច​ដែល​បាន​ពិពណ៌​នា ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ អត្ថ​ន័យ​នៃ​ផ្ទាំង​គំនូរ​នេះ បាន​ផ្តោត​ទៅ​លើ​ការ​ភ័ន្ត​ភាំង​របស់​ពួក​សាវ័ក ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​នឹង​ក្បត់​ព្រះ​អង្គ(យ៉ូហាន ១៣:២១)។ ពួក​សាវ័ក​ក៏​បាន​ចោទ​សួរគ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​នរណា​នឹង​ក្បត់​ព្រះ​អង្គ ខណៈ​ពេល​ដែល​លោក​យូដាស​លួច​ចេញ​ទៅ​ក្រៅ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ពេល​យប់ ដើម្បី​ទៅ​ប្រាប់​ពួក​អាជ្ញាធរ អំពី​ទីតាំង​របស់​គ្រូ និង​មិត្ត​ភក្តិ​របស់​គាត់។

អំពើ​ក្បត់​របស់​យូដាស​បាន​នាំ​មក​នូវ​ការ​ឈឺចាប់ គឺ​ដូច​ដែល​បាន​បង្ហាញ ក្នុង​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “អ្នក​ដែល​បរិភោគ​នំបុ័ង ជា​មួយ​នឹង​ទូលបង្គំ នោះ​បាន​លើក​កែងជើង ទាស់​នឹង​ទូលបង្គំ​វិញ”(ខ.១៨)។ យូដាស​ក៏​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ​យេស៊ូវ​ដែរ បាន​ជាគាត់​អាច​ញាំ​អាហារ​ជា​មួយ​ព្រះ​អង្គ ហើយ ភាព​ជិត​ស្និទ្ធ​នេះ ​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ​រង​ទុក្ខ។

យើង​ម្នាក់​ៗ​ប្រហែល​ជា​ធ្លាប់​ត្រូវ​មិត្ត​ភក្តិ​ក្បត់។ តើ​យើង​អាច​ឆ្លើយ​តប ចំពោះ​ការ​ឈឺ​ចាប់​នេះ ដោយ​របៀប​ណា? សូម​កុំ​អស់​សង្ឃឹម​ឡើយ។ ព្រះ​យេស៊ូវ​បាន​ដក​ស្រង់​បទ​គម្ពីរ ទំនុកដំកើង ៤១:៩ ដើម្បី​បង្ហាញ​ថា អ្នក​ដែល​ក្បត់​ព្រះ​អង្គ​ក៏​មាន​វត្ត​មាន ក្នុង​ពេល​ញាំ​អាហារ​ជា​មួយ​ព្រះ​អង្គ​ផង​ដែរ​(យ៉ូហាន ១៣:១៨)។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​បង្ហាញ​ការ​ឈឺ​ចាប់ ចំពោះ​ល្បិច​កល​របស់​មិត្ត​សំឡាញ់របស់​ទ្រង់ ទ្រង់​ក៏​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត ក្នុង​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ដែល​នាំ​ឲ្យ​ទ្រង់​មាន​កម្លាំង​ឡើង ហើយ​ជួយ​ឲ្យ​ទ្រង់​នៅ​ជាប់​ជា​មួយ​ព្រះ​វត្ត​មាន​ព្រះ ជា​រៀង​រហូត​(ទំនុក​ដំកើង ៤១:១១-១២)។

ពេល​ណា​មិត្ត​ភក្តិ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ព្រះ នឹង​នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូទ្រំា ទោះ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ។​—LISA M. SAMRA