បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​២​ បាន​បញ្ចប់ លោក​ហ៊ីរូ អូណូដា(Hiroo Onoda) បាន​បន្ត​លាក់​ខ្លួន​ក្នុង​ព្រៃ អស់​រយៈ​ពេល​២០​ឆ្នំា ដោយ​មិន​ព្រម​ជឿថា​ ប្រទេស​របស់​គាត់ បាន​ចុះ​ចាញ់សង្រ្គាម​នោះ​ឡើយ។ កាល​សម័យ​សង្រ្គាម អ្នក​ដឹក​នាំ​យោធា​របស់​ប្រទេស​ជប៉ុន​បាន​បញ្ជូន​លោក​អូណូដា ឲ្យ​ទៅ​កោះ​ដាច់​ស្រយ៉ាល​មួយ ក្នុង​ប្រជុំ​កោះ​(លូបាង)នៃ​ប្រទេស​ភីលីពីន ដើម្បី​ឈ្លប​មើល​កង​ទ័ព​សម្ព័ន្ធ​មិត្ត។ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ​ហត្ថលេខា ហើយ​ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​បញ្ចប់ លោ​កអូណូដា​បាន​បន្ត​រស់​នៅ​ក្នុង​ព្រៃ។ នៅ​ឆ្នាំ ១៩៧៤ មេ​បញ្ជា​ការរបស់​លោក​អូណូដា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កោះ​នោះ ដើម្បី​ស្វែង​រក​គាត់ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា សង្រ្គាម​បាន​ចប់​ហើយ។​

អស់​រយៈ​ពេល​បី​ទសវត្សរ៍​នោះ លោក​អូណូដា​បាន​រស់​នៅ ដោយ​ការ​ខ្វះ​ខាត តែ​ម្នាក់​ឯង​ក្នុង​ព្រៃ ដោយសារ​គាត់មិន​ព្រម​ចុះ​ចាញ់ ដោយ​មិន​ជឿ​ថា សង្រ្គាម​បាន​បញ្ចប់​នោះ​ឡើយ។ យើង​ក៏​អាច​ប្រព្រឹត្ត​ខុស​ដូច​គាត់​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រកាស់​សេចក្តី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា “យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់”(រ៉ូម ៦:៣)។ ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​បាន​ឈ្នះ​ការ​កុហក់​របស់​សាតាំង ការភ័យ​ខ្លាច​សេចក្តី​ស្លាប់ និង​កាត់​ផ្តាច់​ចំណង​នៃ​អំពើ​បាប ដោយ​អំណាច​ចេស្តា​ព្រះ​អង្គ។ ទោះ​យើង​បាន “ស្លាប់​ខាងឯ​បាប” ហើយ “បាន​រស់​ខាង​ឯ​ព្រះ”(ខ.១១)ក៏​ដោយ ក៏​ជា​ញឹក​ញាប់ យើង​ហាក់​ដូច​ជា​នៅ​តែ​បន្ត​រស់​នៅ ក្រោមអំណាច​នៃ​ការ​អាក្រក់។ យើង​ចាញ់​ការ​ល្បួង ដោយ​ធ្វើ​តាម​ការ​លួង​លោម​របស់​អំពើ​បាប។ យើង​ស្តាប់​តាម​ការកុហក​របស់​អារក្ស ដោយ​មិន​បាន​ទុក​ចិត្ត​ព្រះ​យេស៊ូវ។ ប៉ុន្តែ យើង​មិន​ត្រូវ​ចុះ​ចាញ់​ឡើយ។  យើង​មិន​ចំា​បាច់​ត្រូវរស់​នៅ តាម​ការ​បោក​បញ្ចោត​នោះ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ឱប​ក្រសោប​យក​រឿង​ដ៏​ពិត​នៃ​ជ័យ​ជម្នះរបស់​ព្រះ​គ្រីស្ទ ដោយ​ពឹង​អាង​ព្រះ​គុណ​ព្រះ​អង្គ។

ខណៈ​ពេល​ដែល​យើង​កំពុង​តែ​តយុទ្ធ​នឹង​អំពើ​បាប យើង​អាច​មាន​សេរី​ភាព ដោយ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​បាន​ឈ្នះ​សង្រ្គាម​នោះ​ហើយ។ ចូរ​យើង​រស់​នៅ តាម​សេចក្តី​ពិត​នេះ ក្នុង​អំណាច​ចេស្តា​ព្រះ​អង្គ។​—Winn Collier