បន្ទាប់ពីសង្រ្គាមលោកលើកទី២ បានបញ្ចប់ លោកហ៊ីរូ អូណូដា(Hiroo Onoda) បានបន្តលាក់ខ្លួនក្នុងព្រៃ អស់រយៈពេល២០ឆ្នំា ដោយមិនព្រមជឿថា ប្រទេសរបស់គាត់ បានចុះចាញ់សង្រ្គាមនោះឡើយ។ កាលសម័យសង្រ្គាម អ្នកដឹកនាំយោធារបស់ប្រទេសជប៉ុនបានបញ្ជូនលោកអូណូដា ឲ្យទៅកោះដាច់ស្រយ៉ាលមួយ ក្នុងប្រជុំកោះ(លូបាង)នៃប្រទេសភីលីពីន ដើម្បីឈ្លបមើលកងទ័ពសម្ព័ន្ធមិត្ត។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា ហើយការប្រយុទ្ធគ្នាក៏បានបញ្ចប់ លោកអូណូដាបានបន្តរស់នៅក្នុងព្រៃ។ នៅឆ្នាំ ១៩៧៤ មេបញ្ជាការរបស់លោកអូណូដា ក៏បានធ្វើដំណើរទៅកោះនោះ ដើម្បីស្វែងរកគាត់ ហើយក៏បានប្រាប់គាត់ថា សង្រ្គាមបានចប់ហើយ។
អស់រយៈពេលបីទសវត្សរ៍នោះ លោកអូណូដាបានរស់នៅ ដោយការខ្វះខាត តែម្នាក់ឯងក្នុងព្រៃ ដោយសារគាត់មិនព្រមចុះចាញ់ ដោយមិនជឿថា សង្រ្គាមបានបញ្ចប់នោះឡើយ។ យើងក៏អាចប្រព្រឹត្តខុសដូចគាត់ផងដែរ។ សាវ័កប៉ុលបានប្រកាស់សេចក្តីដ៏គួរឲ្យភ្ញាក់ផ្អើលថា “យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់”(រ៉ូម ៦:៣)។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយបានឈ្នះការកុហក់របស់សាតាំង ការភ័យខ្លាចសេចក្តីស្លាប់ និងកាត់ផ្តាច់ចំណងនៃអំពើបាប ដោយអំណាចចេស្តាព្រះអង្គ។ ទោះយើងបាន “ស្លាប់ខាងឯបាប” ហើយ “បានរស់ខាងឯព្រះ”(ខ.១១)ក៏ដោយ ក៏ជាញឹកញាប់ យើងហាក់ដូចជានៅតែបន្តរស់នៅ ក្រោមអំណាចនៃការអាក្រក់។ យើងចាញ់ការល្បួង ដោយធ្វើតាមការលួងលោមរបស់អំពើបាប។ យើងស្តាប់តាមការកុហករបស់អារក្ស ដោយមិនបានទុកចិត្តព្រះយេស៊ូវ។ ប៉ុន្តែ យើងមិនត្រូវចុះចាញ់ឡើយ។ យើងមិនចំាបាច់ត្រូវរស់នៅ តាមការបោកបញ្ចោតនោះទៀតឡើយ។ ផ្ទុយទៅវិញ យើងអាចឱបក្រសោបយករឿងដ៏ពិតនៃជ័យជម្នះរបស់ព្រះគ្រីស្ទ ដោយពឹងអាងព្រះគុណព្រះអង្គ។
ខណៈពេលដែលយើងកំពុងតែតយុទ្ធនឹងអំពើបាប យើងអាចមានសេរីភាព ដោយទទួលស្គាល់ថា ព្រះយេស៊ូវបានឈ្នះសង្រ្គាមនោះហើយ។ ចូរយើងរស់នៅ តាមសេចក្តីពិតនេះ ក្នុងអំណាចចេស្តាព្រះអង្គ។—Winn Collier