អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) ជាអ្នកដែលបានរួចជីវិត នៅក្នុងរបបប្រល័យពូជសាសន៍។ គាត់យល់អំពីសារៈសំខាន់នៃការអត់ឱនទោស។ គាត់បាននិពន្ធសៀវភៅដែលមានចំណងជើងថា ការធ្វើដំណើរវែងឆ្ងាយ ថ្វាយព្រះអម្ចាស់ ។ ក្នុងសៀវភៅនេះ គាត់មានប្រសាសន៍ថា គាត់ចូលចិត្តគិតអំពីទិដ្ឋភាពដែលព្រះជាម្ចាស់បោះអំពើបាប ដែលបានអត់ទោសឲ្យ ចូលទៅក្នុងសមុទ្រ។ គាត់មានប្រសាសន៍ទៀតថា “ពេលណាយើងសារភាពអំពើបាបរបស់យើង ព្រះទ្រង់បោះអំពើបាបទំាងអស់នោះ ចូលទៅក្នុងសមុទ្រដ៏ជ្រៅ គឺកប់បាត់ជារៀងរហូត…ខ្ញុំជឿថា ព្រះជាម្ចាស់ក៏បានដាក់ផ្លាកនៅលើផ្ទៃទឹក ដើម្បីហាមកុំឲ្យយើងស្ទូចយកពួកវាមកវិញ”។
ត្រង់ចំណុចនេះ គាត់ចង់ឲ្យយើងដឹងថា ពេលណាព្រះទ្រង់អត់ទោសឲ្យអំពើបាបរបស់យើង នោះព្រះអង្គក៏បានអត់ទោសឲ្យយើងទាំងស្រុងផងដែរ។ នេះជាសេចក្តីពិតដ៏សំខាន់មួយ ដែលជួនកាល អ្នកជឿព្រះយេស៊ូវមិនបានយល់។ យើងមិនចាំបាច់ត្រូវគាស់កាយ ឬស្ទូចអំពើដ៏ខ្មាស់អៀនទាំងនោះមកវិញ នៅក្នុងអារម្មណ៍ដ៏អាប់អួររបស់យើងនោះឡើយ។ ផ្ទុយទៅវិញ យើងអាចទទួលយកព្រះគុណ និងការអត់ទោសបាបរបស់ព្រះអង្គ ដោយដើរតាមព្រះអង្គ ក្នុងសេរីភាពដ៏ពេញលេញ។
បទគម្ពីរទំនុកដំកើង ជំពូក១៣០ បានប្រកាស់ថា “ទ្រង់មានព្រះហឫទ័យអត់ទោស”។ បានសេចក្តីថា ព្រះទ្រង់ជាព្រះដ៏យុត្តិធម៌ តែព្រះអង្គក៏អត់ទោសបាប ឲ្យអ្នកណា ដែលប្រែចិត្តចេញ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះក៏បានរង់ចាំព្រះអម្ចាស់ ដោយទុកចិត្តព្រះអង្គ(ខ.៥) ហើយទន្ទឹមនឹងនោះ គាត់ក៏បានប្រកាស់ដោយជំនឿថា ព្រះអង្គនឹងប្រោសលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីអំពើបាប(ខ.៨)។ អ្នកដែលជឿព្រះអង្គ និងរកឃើញ “ការប្រោសលោះដ៏ពេញលេញ”(ខ.៧)។
ពេលណាភាពអាម៉ាស់ និងការមិនឲ្យតម្លៃខ្លួនឯង បានដឹតជាប់ក្នុងអារម្មណ៍យើង យើងមិនអាចបម្រើព្រះ ឲ្យអស់ពីចិត្តបានឡើយ។ ផ្ទុយទៅវិញ យើងនៅជាប់ក្នុងអតីតកាលរបស់យើង។ បើសិនជាអ្នកមានអារម្មណ៍ថា មិនអាចរីកចម្រើនទៅមុខទៀត ដោយសារកំហុសដែលអ្នកបានធ្វើ នោះចូរទូលសូមឲ្យព្រះជួយអ្នក ឲ្យមានការជឿជាក់ទាំងស្រុង ចំពោះអំណោយនៃការអត់ទោសបាប និងជីវិតថ្មី។ ព្រះអង្គបានបោះអំពើបាបរបស់អ្នកចូលទៅក្នុងមហាសមុទ្រហើយ។—Amy Boucher Pye