មនុស្សចូលចិត្តបង្កើតឲ្យមាន “រលក”។ នៅក្នុងការប្រកួតកីឡា និងការប្រគុំតន្រ្តី នៅទូទំាងពិភពលោក ទស្សនិកជនបានចាប់ផ្តើមបង្កើតឲ្យមានរលក ដោយជាដំបូង មនុស្សពីរបីនាក់បានក្រោកឈរ ហើយលើកដៃឡើង។ ភ្លាមៗនោះមក អ្នកដែលអង្គុយនៅក្បែរពួកគេក៏បានចាប់ផ្តើមធ្វើតាមជាបន្តបន្ទាប់។ គោលដៅរបស់ពួកគេ គឺដើម្បីបង្កើតឲ្យមានចលនាដ៏រលូនមួយ ដែលធ្វើបន្តគ្នាពីមួយទៅមួយយ៉ាងស្រុះគ្នា បង្កើតជាទឹករលក ជុំវិញពហុកីឡាស្ថាន។ ពេលណាចលនាទឹករលកនោះ បានទៅដល់ចុងបញ្ចប់ អ្នកដែលបានចាប់ផ្តើមវា ក៏បានញញឹម និងស្រែកហូរ ហើយបន្តធ្វើចលនាដដែលនោះទៀត។
គេបានសង្កេតឃើញការធ្វើទឹករលកក្នុងកន្លែងប្រកួតកីឡានេះជាលើកទីមួយ ក្នុងការប្រកួតកីឡាបេសប៊លអាជីព រវាងក្រុមអូកលែន អាត់លែតទិក និងក្រុមញូយ៉ក យែងគី នៅឆ្នាំ១៩៨១។ ខ្ញុំចូលចិត្តចូលរួមនៅក្នុងការធ្វើទឹករលកនេះ ដើម្បីជាការកម្សាន្តសប្បាយ។ ប៉ុន្តែ ភាពសប្បាយរីករាយ និងការរួបរួមគ្នា ដែលយើងមាន នៅក្នុងការធ្វើទឹករលកនេះ បានរំឭកខ្ញុំ អំពីដំណឹងល្អនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានបង្រួបបង្រួមអ្នកជឿ នៅគ្រប់ទិសទី ដោយការសរសើរដំកើង និងក្តីសង្ឃឹម។ នេះជារលកដ៏ធំបំផុត ដែលបានចាប់ផ្តើមពីទីក្រុងយេរូសាឡិម កាលពី២០សតវត្សរ៍កន្លងមកហើយ។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅសមាជិកពួកជំនុំ នៅទីក្រុងកូល៉ុស គាត់បានពិពណ៌នាថា ដំណឹងល្អ “ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយ៍ទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ”(កូល៉ុស ១:៦)។ លទ្ធផលនៃការប្រកាស់ដំណឹងល្អនេះ បាននំាមកនូវក្តីសង្ឃឹម និងក្តីស្រឡាញ់ ដែលកើតចេញពីក្តីសង្ឃឹម ដែលបានបម្រុងទុកឲ្យយើងនៅស្ថានសួគ៌(ខ.៥)។
ក្នុងនាមយើង ជាអ្នកជឿព្រះយេស៊ូវ យើងជាផ្នែកមួយនៃរលកធំបំផុត ក្នុងប្រវត្តិសាស្រ្ត ចូរយើងបន្តទៅជាមួយរលកនោះ! នៅចុងបញ្ចប់ យើងនឹងបានឃើញព្រះភ័ក្រញញឹម របស់ព្រះមួយអង្គ ដែលបានចាប់ផ្តើមរលកនេះ។—James Banks