កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសំបុត្រមួយគំនរ ដែលឪពុកខ្ញុំ បានសរសេរផ្ញើឲ្យម្តាយខ្ញុំ កាលពីសម័យសង្រ្គាម លោកលើកទី២។ កាលនោះ ឪពុកខ្ញុំនៅតំបន់អាហ្វ្រិកខាងជើង ហើយម្តាយខ្ញុំនៅភាគខាងលិចនៃរដ្ឋវើជីនា សហរដ្ឋអាមេរិក។ ឪពុករបស់ខ្ញុំជានាយទាហ៊ាន ថានៈអនុសេនីយទោ ក្នុងជួរទ័ពសហរដ្ឋអាមេរិក។ គាត់មានភារៈកិច្ចពិនិត្យមើលសំបុត្ររបស់ទាហាន ដើម្បីការពារមិនឲ្យពត៌មានសំខាន់ៗ លេចឮដល់កងទ័ពសត្រូវ។ ដូចនេះ វាជារឿងដែលគួរឲ្យអស់សំណើច នៅពេលដែលខ្ញុំបានឃើញស្រោមសំបុត្រដែលគាត់បានសរសេរផ្ញើទៅម្តាយខ្ញុំ មានត្រាមួយ ដែលមានអក្សរសរសេរថា “បានត្រួតពិនិត្យ ដោយអនុសេនីយទោ ចន ប្រ៊ែននុន(John Branon)”។ ជាការពិតណាស់ សូម្បីតែសំបុត្ររបស់គាត់ ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់គាត់ផងដែរ។
ការពិនិត្យមើលខ្លួនឯង គឺពិតជាគំនិតដ៏ល្អមួយ សម្រាប់យើងរាល់គ្នា។ ក្នុងព្រះគម្ពីរប៊ីប មានខគម្ពីរជាច្រើន ដែលបាននិយាយអំពីការឆែកពិនិត្យមើលខ្លួនឯង ដើម្បីរកមើលអ្វីដែលមិនត្រឹមត្រូវ និងមិនបានថ្វាយព្រះកិត្តិនាមដល់ព្រះ។ ឧទាហរណ៍ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានអធិស្ឋានថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង … សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។ លោកយេរេមា ក៏បានបង្គាប់យើងផងដែរថា “ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ”(បរិទេវ ៣:៤០)។ ហើយនៅក្នុងការបង្រៀនអំពីសណ្ឋាននៃចិត្តរបស់យើង ក្នុងពិធីលៀងព្រះអម្ចាស់ សាវ័កប៉ុលក៏បានមានប្រសាសន៍ថា “ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ”(១កូរិនថូស ១១:២៨)។
ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យងាកចេញពីអាកប្បកិរិយា ឬការប្រព្រឹត្តដែលព្រះមិនសព្វព្រះទ័យ។ ដូចនេះ មុនពេលយើងចេញទៅក្រៅ នៅថ្ងៃនេះ ចូរយើងស្វែងរកជំនួយពីព្រះវិញ្ញាណ ដើម្បីធ្វើការពិនិត្យមើលខ្លួនឯង ដើម្បីឲ្យយើងអាច “វិលត្រឡប់ទៅរកព្រះអម្ចាស់” ដោយការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។—Dave Branon