សត្វខ្មូតចង្កៀង ដែលមានសម្បុរអុចៗ ជាសត្វល្អិតដែលមានសម្រស់ស្អាត ដោយស្លាបក្រៅរបស់វាមានស្នាមអុចៗ ហើយស្លាបក្នុងមានពណ៌ក្រហមខ្ចី ដែលបញ្ចេញពន្លឺភ្លែតៗ ពេលវាហើរ។ ប៉ុន្តែ សម្រស់របស់វាមានលក្ខណៈបោកបញ្ឆោត។ គេបានឃើញសត្វល្អិតនេះមានវត្តមាននៅសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងឆ្នាំ២០១៤ ហើយគេក៏បានចាត់ទុកវាជាពូជសត្វរាតត្បាត នៅតំបន់អាមេរិកខាងជើង បានសេចក្តីថា វាមានសក្តានុពល នៅក្នុងការបង្ករការខូចខាតដល់បរិស្ថាន និងសេដ្ឋកិច្ច។ ពួកវាស៊ីបំផ្លាញដើមឈើគ្រប់ប្រភេទ ដោយមិនរើសមុខ ដែលរាប់បញ្ចូលទំាងដើមសេរីហ្ស និងដើមឈើហូបផ្លែដទៃទៀត ហើយបន្សល់ទុកនូវសារធាតុស្អិតៗ ដែលនាំឲ្យមានផ្សិតដែលធ្វើឲ្យដើមឈើងាប់ ឬធ្វើឲ្យដើមឈើមិនសូវមានកម្លាំងបង្កើតផលផ្លែ។
នៅក្នុងរឿងអ័ដាម និងនាងអេវ៉ា យើងបានសិក្សាអំពីសភាវៈអាក្រក់មួយប្រភេទទៀត។ សាតាំងជាសត្វពស់ ដែលបានបោកបញ្ឆោតប្តីប្រពន្ធមួយគូរនេះ មិនឲ្យស្តាប់បង្គាប់ព្រះ ដោយបរិភោគផ្លែដឹងខុសត្រូវ ក្នុងបំណងដើម្បីឲ្យបាន “ដូចព្រះ” (លោកុប្បត្តិ ៣:១-៧)។ ប៉ុន្តែ ហេតុអ្វីពួកគេស្តាប់សត្វពស់? តើពាក្យសម្តីរបស់វាបានលួងលោមនាងអេវ៉ា ឬវាមានលក្ខណៈអ្វីដែលទាក់ទាញ? ព្រះគម្ពីរបានឲ្យតម្រុយថា ព្រះជាម្ចាស់បានបង្កើតសាតាំងមកឲ្យមានរូបសម្រស់ស្អាត(អេសេគាល ២៨:១២)។ ប៉ុន្តែ វាចង់ធ្វើឲ្យខ្លួនវាដូចព្រះ(អេសាយ ១៤:១៤ និង អេសេគាល ២៨:៩)។
បន្ទាប់ពីវាបានធ្លាក់ចូលក្នុងអំពើបាប វាបានប្រើសម្រស់របស់វា ដើម្បីបោកបញ្ឆោត(លោកុប្បត្តិ ៣:១ យ៉ូហាន ៨:៤៤ ២កូរិនថូស ១១:១៤)។ វាបានព្យាយាមទាញមនុស្សឲ្យធ្លាក់ចូលក្នុងអំពើបាប ដូចវាដែរ ឬព្យាយាមរារំាងពួកគេមិនឲ្យលូតលាស់។ ប៉ុន្តែ យើងមានព្រះដែលមានអំណាចចេស្តាខ្លំាងជាងវាឆ្ងាយណាស់! យើងអាចរត់ទៅរកព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ ដែលមានសម្រស់ល្អគ្រប់យ៉ាង។—Alyson Kieda