បន្ទាប់ពីលោកខាសិន វេន(Carson Wentz) ដែលជាខ្សែប្រយុទ្ធ នៃក្រុមភីឡាដេលភា អ៊ីហ្គល បានវិលត្រឡប់មកទីលានប្រកួត បន្ទាប់ពីជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ លោកនីក ហ្វូល(Nick Foles) ដែលបានជំនួសគាត់អស់មួយរយៈ ក៏បានវិលត្រឡប់ទៅកន្លែងអង្គុយវិញ ដោយចិត្តរីករាយ។ ទោះអ្នកទំាងពីរមានការប្រកួតប្រជែងគ្នា ដើម្បីមុខតំណែងតែមួយមែន អ្នកទាំងពីរបានសម្រេចចិត្តគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែមានទំនុកចិត្ត ក្នុងការបំពេញតួនាទីរបស់ខ្លួន។ អ្នកយកពត៌មានម្នាក់បានសង្កេតឃើញថា បុរសទាំងពីរមាន “ទំនាក់ទំនងដ៏ពិសេសមួយ ដែលបានចាក់ឫសចូលក្នុងជំនឿលើព្រះគ្រីស្ទ” ដែលបានបង្ហាញចេញមក តាមរយៈការអធិស្ឋានឲ្យគ្នាទៅវិញទៅមកឥតឈប់។ ពេលដែលអ្នកដទៃបានឃើញដូចនេះ ពួកគេក៏បានថ្វាយព្រះកិត្តនាមដល់ព្រះ ដោយនឹកចាំថា ពួកគេនៅក្នុងក្រុមតែមួយ គឺមិនគ្រាន់តែជាខ្សែប្រយុទ្ធ តែក៏ជាអ្នកជឿព្រះយេស៊ូវ ដែលកំពុងតែធ្វើជាតំណាងឲ្យព្រះអង្គ។
សាវ័កប៉ុលបានរំឭកអ្នកជឿទាំងឡាយ ឲ្យរស់នៅ ជា “កូននៃពន្លឺ” ដែលកំពុងរង់ចាំការយាងមកវិញរបស់ព្រះយេស៊ូវ(១ថែស្សាឡូនិច ៥:៥-៦)។ ដោយសារយើងមានក្តីសង្ឃឹមជាប់នៅក្នុងសេចក្តីសង្រ្គោះ ដែលព្រះគ្រីស្ទបានប្រទាន នោះយើងអាចជម្នះការល្បួង ដែលនាំឲ្យយើងប្រកួត ដោយចិត្តច្រណែន ខ្វះទំនុកចិត្ត មានការភ័យខ្លាច ឬការឈ្នានីសនោះឡើយ។ ផ្ទុយទៅវិញ យើងអាច “លើកទឹកចិត្ត និងស្អាងគ្នាទៅវិញទៅមក”(ខ.១១)។ យើងអាចគោរពអ្នកដឹកនាំខាងវិញ្ញាណ ដែលថ្វាយព្រះកិត្តនាមដល់ព្រះ ហើយ “រស់នៅ ក្នុងសន្តិភាព” ខណៈពេលដែលយើងបម្រើព្រះជាមួយគ្នា ដើម្បីសម្រេចគោលដៅរួម ដោយផ្សាយដំណឹងល្អ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យរស់នៅថ្វាយព្រះយេស៊ូវ(ខ.១២-១៥)។
ខណៈពេលដែលយើងបម្រើព្រះអង្គ ក្នុងក្រុមតែមួយ យើងអាចអនុវត្តតាមសេចក្តីបង្គាប់របស់សាវ័កប៉ុល ដែលថា “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(ខ.១៦-១៨)។—Xochitl Dixon