អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ឌីភីកា(Deepika) បាន​សែង​បន្ទុក​ដ៏​ធ្ងន់​នៃ​ការ​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​សារ​ទង្វើរ​ដែល​នាង​បាន​ធ្វើ​មក​លើ​ប្អូន​ស្រី​របស់​នាង កាល​ពួក​គេ​នៅ​ក្មេង​។ ទោះ​នាង​បាន​សុំ​ទោស​ប្អូន​ស្រី​នាង ហើយ​ប្អូន​ស្រី​នាងបាន​អត់​ទោស​ឲ្យ​នាង​ហើយ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​អារម្មណ៍ ប្រកាន់​ទោស​ខ្លួន​ឯង។

បទ​គម្ពីរ​អេសាយ ៦:១-៥ បាន​ចែង​អំពី​របៀប​ដែល​លោក​អេសាយ បាន​ទទួល​ការ​បើក​សម្តែង​របស់​ព្រះ ហើយ​ក៏​បាន​ដឹង​អំពី​សណ្ឋាន​នៃ​អំពើ​បាប​របស់​គាត់។ ប៉ុន្តែ ពេល​ដែល​រងើក​ភ្លើង​នៅ​លើ​អាសនា បាន​ប៉ះ​បបូរ​មាត់​គាត់ ហើយ​គាត់​ក៏​បាន​ឮ​ពាក្យកម្សាន្ត​ចិត្ត​ថា “សេចក្តី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង”(ខ.៧)។ ជា​ញឹកញាប់​រងើក​នៅ​លើ​អាសនា ក្នុង​ព្រះ​វិហារ​ប្រឡាក់​ទៅ​ដោយ​ឈាម​កូន​ចៀម​ដែល​គេ​ថ្វាយ​ជា​យញ្ញ​បូជា ដែល​ជា​ការ​បើក​បង្ហាញ​ទុក​ជា​មុន​អំពី​ការលះ​បង់​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ។ ពេល​ដែល​កូន​ចៀម​នៃ​ព្រះ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ អំពើ​បាប និងកំហុស​របស់​យើង ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ព្រះ​អង្គ​(១ពេត្រុស ២:២៤)។

យើង​មាន​ទោស ពេល​ណា​យើង​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ​អំពើ​បាប  ដែល​យើង​សម​នឹង​ទទួល​ការ​កាត់​ទោស។ ការ​នេះ​ក៏​នាំ​ឲ្យយើង​មាន​អារម្មណ៍​ប្រកាន់​ទោស​ខ្លួន​ឯង​ផង​ដែរ។ សូម្បី​តែ​គ្រីស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​ខ្លាំង​បំផុត ក៏​មាន​អារម្មណ៍​ដូច​នេះផង​ដែរ ពេល​ដែល​ពួក​គេ​ធ្វើ​អ្វី​មួយ​ខុស។ កំហុស​អាច​មាន​ប្រយោជន៍ ពេល​ណា​វា​ធ្វើ​ឲ្យ​យើង​ដឹង​ថា ខ្លួន​យើង​ខុស ហើយ​នាំយើង​ទៅ​រក​ការ​ប្រែ​ចិត្ត។ តែ​ការ​បន្ត​រស់​នៅ​ក្នុង​ទោស​កំហុស បន្ទាប់​ពី​យើង​បាន​ទទួល​ការ​អត់​ទោស  អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​សេរីភាព។ សេចក្តី​ពិត​ដ៏​មាន​ន័យ នៃ​ដំណឹង​ល្អ បាន​បញ្ជាក់​ថា​ ព្រះ​គ្រីស្ទ​បាន​ដក​ទោស​កំហុស​យើង​ចេញ​ហើយ ដូច​នេះ យើង​អាច​មាន​សេរីភាព​រួច​ផុត​ពី​បន្ទុក​នៃ​ទោស​កំហុស។ ចូរ​យើង​អរសប្បាយ ដោយ​ដឹង​ថា ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើងមិន​ចាំ​បាច់​ត្រូវ​បន្ត​មាន​អារម្មណ៍​ប្រកាន់​ទោស​ខ្លួន​ឯង ឬ​បន្ត​រស់​នៅ​ក្នុង​ភាព​អាម៉ាស់​នោះ​ទេ។ ព្រះ​អង្គ​បាន​អត់​ទោស​បាប​ឲ្យ​យើង​រួច​ហើយ។— Asiri Fernando