មានពេលមួយ ក្រុមកីឡាករបាល់បោះស្រ្តីរបស់ប្រទេសអាហ្សង់ទីនបានមកចូលរួមការប្រកួត ដោយពាក់ឯកសណ្ឋានខុស។ អាវយឺតពណ៌ខៀវចាស់របស់ពួកគេ ស្រដៀងនឹងអាវយឺតពណ៌ទឹកប៊ិចរបស់ក្រុមកីឡាករប្រទេសកូឡំប៊ីពេក ហើយក្នុងនាមក្រុមដែលមកប្រកួតជាភ្ញៀវ ពួកគេគួរតែពាក់អាវពណ៌ស។ ដោយសារពួកគេមិនមានពេលដើម្បីស្វែងរកឯកសណ្ឋានថ្មី ពួកគេត្រូវតែបោះបង់ការប្រកួត។ នៅពេលអនាគត ក្រុមអាហ្សង់ទីនប្រាកដជាពិនិត្យមើលឯកសណ្ឋានដែលខ្លួនត្រូវពាក់ ឲ្យបានម៉ត់ចត់។
នៅសម័យហោរាសាការី ព្រះទ្រង់បានបើកសម្តែងឲ្យគាត់ឃើញលោកយេសួរ ជាសម្តេចសង្ឃ ដែលបានមកនៅចំពោះព្រះ ដោយពាក់ខោអាវកខ្វក់។ សាតាំងក៏បានរករឿងគាត់ ប៉ុន្តែ គាត់មានពេល ដើម្បីផ្លាស់សំលៀកបំពាក់។ ព្រះទ្រង់ក៏បានស្តីបន្ទោសឲ្យសាតាំង ហើយបង្គាប់ទេវតាទ្រង់ ឲ្យដោះអាវកខ្វក់របស់លោកយេសួរចេញ។ រួចទ្រង់មានព្រះបន្ទូលដល់លោកថា “មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ”(សាការី ៣:៤)។
យើងបានចូលមកក្នុងលោកិយនេះ ដោយពាក់ភាពកខ្វក់ នៃអំពើបាបរបស់លោកអ័ដាំម ដោយពាក់បន្ថែមពីលើ ដោយអំពើបាបរបស់ខ្លួនយើងទៀត។ បើយើងបន្តរស់នៅក្នុងខោអាវកខ្វក់របស់យើងទៀត យើងនឹងបរាជ័យ ក្នុងការប្រកួតនៃជីវិតខាងវិញ្ញាណ។ បើយើងស្អប់ខ្ពើមអំពើបាប ហើយងាកបែរមករកព្រះយេស៊ូវ ព្រះអង្គនឹងបំពាក់ពីលើយើងចាប់ពីក្បាលដល់ចុងជើង ដោយសេចក្តីសុចរិត។ ដូចនេះ យើងត្រូវពិនិត្យមើលខ្លួនឯង តើយើងកំពុងតែស្លៀកពាក់អ្វី?
យើងអាចទទួលជ័យជម្នះបាន គឺដូចបទទំនុកសកល ដែលមានចំណងជើងថា “ថ្មដាដ៏រឹងមាំ” បានច្រៀងក្នុងល្បះចុងក្រោយថា “ពេលដែលព្រះអង្គយាងមក ដោយសម្លេងត្រែ សូមព្រះអង្គឃើញខ្ញុំដណ្តប់កាយ ដោយសេចក្តីសុចរិត គ្មានកន្លែងបន្ទោសបាន នៅមុខបល្ល័ង្កព្រះអង្គ”។—Mike Wittmer