មាន​ពេល​មួយ ក្រុម​កីឡាករ​បាល់​បោះ​ស្រ្តី​របស់​ប្រទេស​អាហ្សង់ទីន​បាន​មក​ចូល​រួម​ការ​ប្រកួត ដោយ​ពាក់​ឯក​សណ្ឋាន​ខុស។ អាវ​យឺត​ពណ៌​ខៀវ​ចាស់​របស់​ពួក​គេ ស្រដៀង​នឹង​អាវ​យឺត​ពណ៌​ទឹក​ប៊ិច​របស់​ក្រុម​កីឡាករ​ប្រទេស​កូឡំ​ប៊ី​ពេក ហើយ​ក្នុង​នាម​ក្រុម​ដែល​មក​ប្រកួត​ជា​ភ្ញៀវ ពួក​គេ​គួរ​តែ​ពាក់​អាវ​ពណ៌​ស។ ដោយ​សារ​ពួក​គេ​មិន​មាន​ពេល​ដើម្បី​ស្វែង​រក​ឯក​សណ្ឋាន​ថ្មី ពួក​គេ​ត្រូវ​តែ​បោះ​បង់​ការ​ប្រកួត។ នៅ​ពេល​អនាគត ក្រុម​អាហ្សង់​ទីន​ប្រាកដ​ជា​ពិនិត្យ​មើល​ឯក​សណ្ឋាន​ដែល​ខ្លួន​ត្រូវ​ពាក់ ឲ្យ​បាន​ម៉ត់​ចត់។

នៅ​សម័យ​ហោរា​សាការី ព្រះ​ទ្រង់​បាន​បើក​សម្តែង​ឲ្យ​គាត់​ឃើញ​លោក​យេសួរ ជា​សម្តេច​សង្ឃ ដែល​បាន​មក​នៅ​ចំពោះ​ព្រះ ​ដោយ​ពាក់​ខោ​អាវ​កខ្វក់។ ​សាតាំង​ក៏​បាន​រក​រឿង​គាត់ ប៉ុន្តែ គាត់​មាន​ពេល ដើម្បី​ផ្លាស់​សំលៀក​បំពាក់។ ព្រះ​ទ្រង់​ក៏​បាន​ស្តីបន្ទោស​ឲ្យ​សាតាំង ហើយ​បង្គាប់​ទេវតា​ទ្រង់ ឲ្យ​ដោះ​អាវ​កខ្វក់​របស់​លោក​យេសួរ​ចេញ។ រួច​ទ្រង់​មាន​ព្រះបន្ទូល​ដល់​លោក​ថា “មើល អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​វិញ”(សាការី ៣:៤)។

យើង​បាន​ចូល​មក​ក្នុង​លោកិយ​នេះ ដោយ​ពាក់​ភាព​កខ្វក់ នៃ​អំពើ​បាប​របស់​លោក​អ័ដាំម ដោយ​ពាក់​បន្ថែម​ពី​លើ ដោយ​អំពើបាប​របស់​ខ្លួន​យើង​ទៀត។ បើ​យើង​បន្ត​រស់​នៅ​ក្នុង​ខោ​អាវ​កខ្វក់​របស់​យើង​ទៀត យើង​នឹង​បរាជ័យ ក្នុង​ការ​ប្រកួត​នៃ​ជីវិត​ខាង​វិញ្ញាណ។ បើ​យើង​ស្អប់​ខ្ពើម​អំពើ​បាប​ ហើយ​ងាក​បែរ​មក​រក​ព្រះ​យេស៊ូវ ព្រះ​អង្គ​នឹង​បំពាក់​ពី​លើ​យើង​ចាប់​ពី​ក្បាល​ដល់​ចុងជើង ដោយ​សេចក្តី​សុចរិត។ ដូចនេះ យើង​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង តើ​យើង​កំពុង​តែ​ស្លៀក​ពាក់​អ្វី?

យើង​អាច​ទទួល​ជ័យ​ជម្នះ​បាន គឺ​ដូច​បទ​ទំនុក​សកល ដែល​មាន​ចំណង​ជើង​ថា “ថ្ម​ដាដ៏​រឹង​មាំ” ​បាន​ច្រៀង​ក្នុង​ល្បះ​ចុងក្រោយថា “ពេល​ដែល​ព្រះ​អង្គ​យាង​មក ដោយ​សម្លេង​ត្រែ សូម​ព្រះ​អង្គ​ឃើញ​ខ្ញុំ​ដណ្តប់​កាយ ដោយ​សេចក្តី​សុចរិត គ្មាន​កន្លែងបន្ទោស​បាន​ នៅ​មុខ​បល្ល័ង្ក​ព្រះ​អង្គ”។​—Mike Wittmer