បន្ទាប់ពីយើងបានញាំអាហារពេលល្ងាចជុំគ្នា នៅថ្ងៃណូអែល កូនប្រសារស្រីរបស់ខ្ញុំ ឈ្មោះ អ៊ែនណា(Ana) បានយកបង្អែម ដាង វ័ន មកឲ្យយើងញំា។ វាជាប្រភេទនំបាញ់ជនឿក ដែលជនជាតិចិនចូលចិត្តបរិភោគ នៅរដូវរងា ចំពេលព្រះអាទិត្យស្ថិតក្នុងគន្លងឆ្ងាយបំផុតពីផែនដី ដែលការនេះតែងតែកើតឡើង ក្នុងអំឡុងពេលរដូវកាលនៃបុណ្យណូអែល។ កូនប្រុសរបស់នាង អាយុ៣ឆ្នាំ ឈ្មោះ ភីត(Pete) ក៏បានចង្អុលបង្ហាញដោយមោទនៈភាពថា គាត់បានធ្វើនំមួយនេះ និងមួយនោះទៀត។ ខ្ញុំក៏បានសើចតិចៗ។ ទោះនំបាញ់ជនឿកដែលគាត់បានធ្វើនោះ មានរូបរាង្គចម្លែក មិនមូលស្អាតក៏ដោយ ក៏គាត់នៅតែចាត់ទុកពួកវាជាស្នាដៃពិសេសរបស់គាត់។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលព្រះទ្រង់ទតមើលមកយើង។ ពេលដែលព្រះអង្គបង្កើតមនុស្សជាតិ ក្នុងដំណាក់កាលចុងក្រោយនៃការបង្កើតពិភពលោក ព្រះអង្គ “ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ”(លោកុប្បត្តិ ១:៣១)។ ទោះក្រោយមក មនុស្សជាតិបានធ្លាក់ចូលក្នុងអំពើបាបក៏ដោយ ក៏អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានទទួលស្គាល់ថា “ទ្រង់បានបង្កើតមនុស្សមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤) យើងនៅតែជាស្នាព្រះហស្តឯក ទោះប្រលាក់ទៅដោយអំពើបាបក៏ដោយ។ ហើយព្រះទ្រង់មិនសព្វព្រះទ័យឲ្យយើងជាប់ក្នុងអំពើបាបជារៀងរហូតឡើយ។ ព្រះអង្គបានលោះយើងឲ្យរួចពីបាប ក្នុងព្រះគ្រីស្ទ ដើម្បីឲ្យធ្វើជាស្នាព្រះហស្ត សម្រាប់ធ្វើការល្អ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ(អេភេសូរ ២:១០)។
ជួនកាល ខ្ញុំភ្លេចថា ព្រះទ្រង់មិនគ្រាន់តែបានបង្កើតខ្ញុំ ដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ តែទ្រង់ក៏បានឲ្យខ្ញុំកើតជាថ្មីក្នុងព្រះគ្រីស្ទ ដោយក្តីស្រឡាញ់ផងដែរ។ ការភ្លេចសេចក្តីពិតនេះ ធ្វើឲ្យខ្ញុំមិនឲ្យតម្លៃខ្លួនឯង ឬអាណិតខ្លួនឯង។ ចុះអ្នកវិញ? ពេលដែលខ្ញុំឃើញចៅប្រុសខ្ញុំ មានចិត្តរីករាយ ចំពោះនំបាញ់ជនឿកដែលគាត់បានធ្វើ ដោយមានរូបរាងចម្លែក ខ្ញុំក៏បាននឹកចាំថា យើងក៏ត្រូវមានសណ្ឋាននៃជីវិត ដែលស្របតាមបំណងព្រះទ័យព្រះ ពោលគឺយើងជាស្នាព្រះហស្តឯក ដែលព្រះអង្គស្រឡាញ់ និងបានប្រោសលោះ ក្នុងព្រះគ្រីស្ទ។ ដូចនេះ ចូរយើងរស់នៅ ដោយចិត្តរីករាយ ដែលបានធ្វើជាស្នាព្រះហស្តឯករបស់ព្រះ។— Goh Bee Lee