បន្ទាប់​ពី​យើង​បាន​ញាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា នៅ​ថ្ងៃ​ណូអែល កូន​ប្រសារ​ស្រី​របស់​ខ្ញុំ ឈ្មោះ ​អ៊ែនណា(Ana) បាន​យក​បង្អែម ​ដាង វ័ន មក​ឲ្យ​យើង​ញំា។ វា​ជា​ប្រភេទ​នំបាញ់​ជនឿក ដែល​ជន​ជាតិ​ចិន​ចូល​ចិត្ត​បរិភោគ នៅ​រដូវ​រងា ចំ​ពេល​ព្រះ​អាទិត្យ​ស្ថិត​ក្នុង​គន្លង​ឆ្ងាយ​បំផុត​ពី​ផែនដី ដែល​ការ​នេះ​តែង​តែ​កើត​ឡើង ក្នុង​អំឡុង​ពេល​រដូវ​កាល​នៃ​បុណ្យ​ណូអែល។ កូន​ប្រុស​របស់​នាង អាយុ​៣ឆ្នាំ ឈ្មោះ ភីត(Pete) ក៏​បាន​ចង្អុល​បង្ហាញ​ដោយ​មោទនៈ​ភាព​ថា គាត់​បាន​ធ្វើ​នំ​មួយ​នេះ និង​មួយ​នោះ​ទៀត។ ខ្ញុំ​ក៏បាន​សើច​តិច​ៗ។ ទោះ​នំ​បាញ់​ជនឿក​ដែល​គាត់​បាន​ធ្វើ​នោះ មាន​រូប​រាង្គ​ចម្លែក មិន​មូល​ស្អាត​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាត់​ទុកពួក​វា​ជា​ស្នា​ដៃ​ពិសេស​របស់​គាត់។​

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង។ ពេល​ដែល​ព្រះ​អង្គ​បង្កើត​មនុស្ស​ជាតិ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​បង្កើត​ពិភព​លោក ​ព្រះ​អង្គ “​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ”(លោកុប្បត្តិ ១:៣១)។​ ទោះ​ក្រោយ​មក មនុស្ស​ជាតិ​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប​ក៏​ដោយ ក៏​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទទួល​ស្គាល់​ថា “ទ្រង់​បាន​បង្កើត​មនុស្ស​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤) យើង​នៅ​តែ​ជា​ស្នា​ព្រះហស្ត​ឯក ទោះ​ប្រលាក់​ទៅ​ដោយ​អំពើ​បាប​ក៏​ដោយ។ ហើយ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ជាប់​ក្នុង​អំពើ​បាប​ជា​រៀង​រហូត​ឡើយ។ ព្រះ​អង្គ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បាប ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ធ្វើ​ជា​ស្នា​ព្រះ​ហស្ត សម្រាប់​ធ្វើ​ការ​ល្អ ដើម្បី​ថ្វាយ​សិរី​ល្អដល់​ព្រះ​អង្គ​(អេភេសូរ ២:១០)។

ជួន​កាល ខ្ញុំ​ភ្លេច​ថា​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្កើត​ខ្ញុំ ដោយ​ក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​បាន​ឲ្យ​ខ្ញុំ​កើត​ជា​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ក្តី​ស្រឡាញ់​ផង​ដែរ។ ការ​ភ្លេច​សេចក្តី​ពិត​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង  ឬអាណិត​ខ្លួន​ឯង។ ចុះ​អ្នក​វិញ? ពេល​ដែល​ខ្ញុំឃើញ​ចៅ​ប្រុស​ខ្ញុំ មាន​ចិត្ត​រីក​រាយ ចំពោះ​នំ​បាញ់​ជនឿក​ដែល​គាត់​បាន​ធ្វើ ដោយ​មាន​រូប​រាង​ចម្លែក ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា យើង​ក៏​ត្រូវ​មាន​សណ្ឋាន​នៃ​ជីវិត ដែល​ស្រប​តាម​បំណង​ព្រះ​ទ័យ​ព្រះ ពោល​គឺ​យើង​ជា​ស្នា​ព្រះ​ហស្ត​ឯក ដែល​ព្រះ​អង្គ​ស្រឡាញ់ និង​បាន​ប្រោស​លោះ ក្នុង​ព្រះ​គ្រីស្ទ។ ដូច​នេះ ចូរ​យើង​រស់​នៅ ដោយ​ចិត្ត​រីក​រាយ ដែល​បាន​ធ្វើ​ជា​ស្នា​ព្រះ​ហស្ត​ឯក​របស់​ព្រះ។— Goh Bee Lee