មានពេលមួយ ខ្ញុំបានមើលការតុបតែងសម្រាប់ថ្ងៃបុណ្យណូអែល ដែលកូនប្រុសខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) បានធ្វើអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអំពូលសម្រាប់តាំងលម្អដើមណូអែល មានពណ៌ និងទំហំខុសៗគ្នា ដែលជីដូនរបស់គាត់បានផ្ញើឲ្យគាត់។ ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំនៅតែមិនទាន់ពេញចិត្តនឹងការតុបតែងរបស់យើង។ ខ្ញុំតែងតែឲ្យតម្លៃមកលើភាពប៉ិនប្រសប់ និងអនុស្សាវរីយ៍ ដែលយើងមានជាមួយការតុបតែងនេះ។ ដូចនេះ ហេតុអ្វីបានជាភាពទាក់ទាញនៃការតាំងលក់ឥវ៉ាន់នៅតាមហាងទំនិញ បានលួងលោមខ្ញុំ ឲ្យចង់បានដើមណូអែល ដែលមានការតុបតែង ដោយអំពូលដែលមានទំហំដូចគ្នា និងមានពន្លឺចាំងផ្លេកៗ ហើយមានខ្សែបូធ្វើពីក្រណាត់ដ៏ប្រណិត។?
ខណៈពេលដែលខ្ញុំចាប់ផ្តើមបែរមុខចេញពីការតុបតែងដ៏សាមញ្ញរបស់យើង ខ្ញុំក៏បានក្រឡេកឃើញគ្រឿងតុបតែងមួយ មានរាងដូចបេះដូងពណ៌ក្រហម មានពាក្យដ៏សាមញ្ញមួយឃ្លាសរសេរពីលើថា ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ។ ដូចនេះ ខ្ញុំក៏បាននឹកចាំថា គ្រួសារ និងក្តីសង្ឃឹមដែលខ្ញុំមានក្នុងព្រះគ្រីស្ទ គឺជាមូលហេតុ ដែលខ្ញុំចូលចិត្តប្រារព្ធពិធីបុណ្យណូអែល។ ថ្វីដ្បិតតែដើមណូអែលរបស់យើង មិនអាចប្រៀបផ្ទឹមនឹងដើមណូអែលដែលគេដាក់តាំងនៅមុខហាងមែន តែសេចក្តីស្រឡាញ់នៅពីក្រោយការតុបតែងនីមួយៗ នៅលើដើមណូអែលរបស់យើង បានធ្វើឲ្យដើមណូអែលយើងមានភាពស្រស់ស្អាតណាស់!
ដើមណូអែលរបស់យើង បានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះមែស៊ីក៏មិនបានយាងមក ដើម្បីផ្គាប់ចិត្តមនុស្ស តាមរបៀបណាមួយឡើយ(អេសាយ ៥៣:២)។ ព្រះយេស៊ូវត្រូវគេ “ស្អប់ខ្ពើម និងបដិសេធ”(ខ.៣)។ តែព្រះអង្គបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យដល់យើងរាល់គ្នា ដោយបានសម្រេចព្រះទ័យឲ្យគេ “ចាក់ទំលុះព្រះកាយព្រះអង្គ ដោយសារអំពើបាបរបស់យើង”(ខ.៥)។ ព្រះអង្គបានរងទ្រំាការដាក់ទោស ដើម្បីឲ្យយើងអាចអរសប្បាយនឹងសន្តិភាពដ៏ពិត(ខ.៥)។ គ្មានអ្វីដែលល្អលើសនេះឡើយ។
ខ្ញុំក៏មានការដឹងគុណព្រះអង្គជាថ្មី សម្រាប់ការតុបតែងរបស់យើងដែលមិនល្អឥតខ្ចោះ និងអរព្រះគុណសម្រាប់ព្រះអង្គសង្រ្គោះដ៏ឥតខ្ចោះនៃយើង។ ខ្ញុំក៏លែងចង់បានការតុបតែងដ៏ប្រណឹត ហើយក៏បានសរសើរដំកើងព្រះ សម្រាប់សេចក្តីស្រឡាញ់ដ៏រុងរឿងរបស់ព្រះអង្គ។ ការតុបតែងដ៏ភ្លឺផ្លេក មិនអាចប្រៀបផ្ទឹមនឹងភាពធំប្រសើរ នៃព្រះយេស៊ូវ ដែលជាអំណោយដែលព្រះអង្គ សំរាប់លោះបាបយើងរាល់គ្នា។—Xochitl Dixon