មាន​ពេល​មួយ ខ្ញុំ​បាន​មើល​ការ​តុប​តែង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) បាន​ធ្វើ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ និង​អំពូល​សម្រាប់​តាំង​លម្អ​ដើម​ណូអែល មាន​ពណ៌ និង​ទំហំ​ខុស​ៗ​គ្នា ដែល​ជី​ដូន​របស់​គាត់បាន​ផ្ញើ​ឲ្យ​គាត់។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ការ​តុប​តែង​របស់​យើង។ ខ្ញុំ​តែង​តែ​ឲ្យ​តម្លៃ​មក​លើ​ភាព​ប៉ិនប្រសប់ និង​អនុស្សាវរីយ៍ ដែល​យើង​មាន​ជា​មួយ​ការ​តុប​តែង​នេះ។ ដូច​នេះ ហេតុអ្វី​បាន​ជា​ភាព​ទាក់​ទាញ​នៃ​ការ​តាំង​លក់​ឥវ៉ាន់នៅ​តាម​ហាង​ទំនិញ បាន​លួង​លោម​ខ្ញុំ ឲ្យ​ចង់​បាន​ដើម​ណូអែល ដែល​មាន​ការ​តុប​តែង ដោយ​អំពូល​ដែល​មាន​ទំហំ​ដូចគ្នា  និង​មាន​ពន្លឺ​ចាំង​ផ្លេក​ៗ ហើយ​មាន​ខ្សែ​បូ​ធ្វើ​ពី​ក្រណាត់​ដ៏​ប្រណិត។?

ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​បែរ​មុខ​ចេញ​ពី​ការ​តុប​តែង​ដ៏​សាមញ្ញ​របស់​យើង​ ខ្ញុំ​ក៏​បាន​ក្រឡេក​ឃើញ​គ្រឿង​តុប​តែង​មួយ​ មានរាង​ដូច​បេះ​ដូង​ពណ៌​ក្រហម មាន​ពាក្យ​ដ៏​សាមញ្ញ​មួយ​ឃ្លា​សរសេរ​ពី​លើ​ថា ព្រះយេស៊ូវ​ គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។ ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា គ្រួសារ និង​ក្តី​សង្ឃឹម​ដែល​ខ្ញុំ​មាន​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​មូល​ហេតុ ដែល​ខ្ញុំ​ចូល​ចិត្ត​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល។ ថ្វី​ដ្បិត​តែ​ដើម​ណូអែល​របស់​យើង មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ដើម​ណូអែល​ដែល​គេ​ដាក់​តាំង​នៅ​មុខ​ហាង​មែន តែ​សេចក្តី​ស្រឡាញ់​នៅ​ពីក្រោយ​ការ​តុប​តែង​នីមួយ​ៗ នៅ​លើ​ដើម​ណូអែល​របស់​យើង បាន​ធ្វើ​ឲ្យ​ដើម​ណូអែល​យើង​មាន​ភាព​ស្រស់​ស្អាតណាស់!

ដើម​ណូអែល​របស់​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​មែស៊ី​ក៏​មិន​បាន​យាង​មក ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ តាម​របៀប​ណា​មួយ​ឡើយ(អេសាយ ៥៣:២)។ ព្រះ​យេស៊ូវ​ត្រូវ​គេ “ស្អប់​ខ្ពើម និង​បដិសេធ”(ខ.៣)។ តែ​ព្រះ​អង្គ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដល់​យើង​រាល់​គ្នា ដោយ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​គេ “ចាក់​ទំលុះ​ព្រះ​កាយ​ព្រះ​អង្គ ដោយសារ​អំពើ​បាប​របស់​យើង”​(ខ.៥)។ ព្រះ​អង្គ​បាន​រង​ទ្រំា​ការ​ដាក់​ទោស ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​នឹង​សន្តិ​ភាព​ដ៏​ពិត(ខ.៥)។ គ្មាន​អ្វី​ដែល​ល្អ​លើស​នេះ​ឡើយ​។​

ខ្ញុំ​ក៏​មាន​ការ​ដឹង​គុណ​ព្រះ​អង្គ​ជា​ថ្មី សម្រាប់​ការ​តុប​តែង​របស់​យើង​ដែល​មិន​ល្អ​ឥត​ខ្ចោះ និង​អរ​ព្រះ​គុណ​សម្រាប់​ព្រះ​អង្គសង្រ្គោះ​ដ៏​ឥត​ខ្ចោះ​នៃ​យើង។ ខ្ញុំ​ក៏​លែង​ចង់​បាន​ការ​តុប​តែង​ដ៏​ប្រណឹត ហើយ​ក៏​បាន​សរសើរ​ដំកើង​ព្រះ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​រុង​រឿង​របស់​ព្រះ​អង្គ។ ការ​តុប​តែង​ដ៏​ភ្លឺ​ផ្លេក មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ភាព​ធំ​ប្រសើរ នៃ​ព្រះ​យេស៊ូវ ដែល​ជា​អំណោយដែល​ព្រះ​អង្គ សំរាប់លោះបាបយើងរាល់គ្នា។​—Xochitl Dixon