រៀងរាល់រដូវបុណ្យណូអែលមកដល់ អ្នកផ្ទះខ្ញុំបានតុបតែងអំពីការប្រសូត្ររបស់ព្រះយេស៊ូវ តាមវប្បធម៌ផ្សេងៗគ្នា ដែលមានក្នុងពិភពលោក។ យើងមានការតុបតែងតាមបែបអាឡឺម៉ង់ ដែលមានទម្រង់ដូចពីរ៉ាមីត និងការតុបតែងស្តីអំពីស្នូកសត្វ ដែលធ្វើពីឈើអូលីវ មកពីភូមិបេថ្លេហិម ព្រមទាំងការតុបតែងដោយប្រើពណ៌ឆើតៗ តាមជនជាតិមិចស៊ីកូ។ ក្រុមគ្រួសារយើងចូលចិត្តការតុបតែង តាមជនជាតិអាហ្វ្រិកជាងគេ ដែលក្នុងនោះ គេមិនបានដាក់រូបសត្វចៀម និងអូដ្ឋតាមធម្មតា តែបានដាក់រូបសត្វដំរីទឹកមើលទៅរូបព្រះឱរសយេស៊ូវ ដោយការពេញចិត្ត។
ការតុបតែងអំពីកំណើតព្រះយេស៊ូវ តាមវប្បធម៌ខុសៗគ្នាដូចនេះ បានធ្វើឲ្យចិត្តខ្ញុំមានភាពកក់ក្តៅណាស់ ខណៈពេលដែលខ្ញុំនឹកចាំថា កំណើតរបស់ព្រះយេស៊ូវ មិនមែនសម្រាប់តែជនជាតិ ឬវប្បធម៌មួយនោះឡើយ តែជាដំណឹងល្អ សម្រាប់លោកិយទាំងមូល ជាមូលហេតុដែលមនុស្ស នៅគ្រប់ជាតិសាសន៍អរសប្បាយ។
រូបព្រះឱរសដែលបានបង្ហាញ នៅក្នុងការតុបតែងអំពីកំណើតព្រះយេស៊ូវ ក្នុងគ្រួសារខ្ញុំ បានឆ្លុះបញ្ចាំងអំពីសេចក្តីពិត នៃព្រះទ័យ ដែលទ្រង់មានសម្រាប់លោកិយទាំងមូល។ ក្នុងបទគម្ពីរយ៉ូហាន ពេលដែលពួកផារិស៊ីម្នាក់ទូលសួរព្រះយេស៊ូវ ព្រះអង្គក៏បានមានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។
អំណោយរបស់ព្រះយេស៊ូវ គឺជាដំណឹងល្អសម្រាប់មនុស្សម្នាក់ៗ។ ទោះអ្នកមានផ្ទះនៅកន្លែងណាក៏ដោយ ក្នុងពិភពលោកនេះ កំណើតរបស់ព្រះយេស៊ូវ គឺជាការប្រទានរបស់ព្រះ នូវសេចក្តីស្រឡាញ់ និងសន្តិភាពមកអ្នក។ ហើយអស់អ្នកដែលរកឃើញជីវិតថ្មី ក្នុងព្រះគ្រីស្ទ ដែល “មកពីគ្រប់ពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍” និងច្រៀងសរសើរសិរីល្អរបស់ព្រះ ជារៀងរហូត(វិវរណៈ ៥:៩)។—Lisa M. Samra