នៅថ្ងៃ​បុណ្យ​ណូអែល​ដ៏​រងារ នៅ​ប្រទេស​ប៊ែលហ្សិក ក្នុងឆ្នាំ១៩១៤ គេ​បាន​ឮ​សម្លេង​ច្រៀង​ចេញ​ពី​ត្រង់​សេ ដែល​ពួក​ទាហាន​បាន​ជីក។ គេក៏​បាន​ឮ​បទ “យប់​ដ៏​សុខ​សាន្ត” បន្លឺ​ឡើង ជា​ភាសា​អាឡឺម៉ង់ ហើយ​ក្រោយ​មក ជា​ភាសា​អង់​គ្លេស។ មុន​នោះ ពួក​ទាហាន​បាន​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក តែ​ពេល​នោះ ពួក​គេ​បាន​ទម្លាក់​អាវុធ​ចុះ  ហើយ​ក៏​បាន​ចេញ​ពី​ត្រង់​សេ ដើម្បី​ចាប់ដៃ​គ្នា ​ក្នុង​តំបន់​មាន​ជម្លោះ ដែល​នៅ​ចន្លោះ​ពួក​គេ ដោយ​និយាយ​សួស្តី​ណូអែល ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចែក​អំណោយឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​លទ្ធ​ភាព​រៀង​ខ្លួន​។ ការ​ឈប់​បាញ់​គ្នា​ក៏​បាន​បន្ត​រហូត​ដល់​ថ្ងៃ​បន្ទាប់ ខណៈ​ពេល​ដែល​ពួក​ទាហានទាំង​សង​ខាង​ជជែក​គ្នា​លេង សើច​សប្បាយ និង​ថែម​ទាំង​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ទៀត​ផង។​

បទ​ឈប់​បាញ់​គ្នា នៅ​ថ្ងៃ​បុណ្យ​ណូអែល ឆ្នាំ១៩១៤ ដែល​បាន​កើត​ឡើង នៅ​សមរ​ភូមិ​ខាង​លិច ក្នុង​សម័យ​សង្រ្គាម​លោកលើក​ទី​១ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំ​ពី​សន្តិ​ភាព ដែល​ពួក​ទេវតា​បាន​ប្រកាស នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុត​ កាល​ពី​ជាង​២ពាន់​ឆ្នាំ​មុន។​ មាន​ទេវតា​មួយ​អង្គ​បាន​ប្រាប់​ពួក​អ្នក​គង្វាល​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច​ថា “កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា ២:១០-១១)។ បន្ទាប់​មក ទេវតា​មួយ​ហ្វូង​ក៏បាន​លេច​ឡើង ហើយ​បន្លឺ​សម្លេង​ថា “សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់”(ខ.១៣-១៤)។

ព្រះយេស៊ូវ​ជា “ព្រះ​អម្ចាស់​នៃ​សន្តិ​ភាព” ដែល​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប(អេសាយ ៩:៦)។ តាម​រយៈ​ការ​លះ​បង់​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​ប្រទាន​នូវ​ការ​អត់​ទោស​បាប និង​ការ​ផ្សះ​ផ្សា​ជា​មួយ​ព្រះ ដល់​អស់​អ្នក​ដែល​ទទួល​ជឿ​ព្រះ​អង្គ។—James Banks