រៀង​រាល់​រដូវ​បុណ្យ​ណូអែល​មក​ដល់ អ្នក​ផ្ទះ​ខ្ញុំ​បាន​តុប​តែង​អំពី​ការប្រសូត្រ​របស់​ព្រះ​យេស៊ូវ តាម​វប្ប​ធម៌​ផ្សេង​ៗ​គ្នា ដែល​មាន​ក្នុង​ពិភព​លោក។ យើង​មាន​ការ​តុប​តែង​តាម​បែប​អាឡឺម៉ង់ ដែល​មាន​ទម្រង់​ដូច​ពីរ៉ាមីត និង​ការ​តុប​តែងស្តី​អំពី​ស្នូក​សត្វ​ ដែលធ្វើ​ពី​ឈើ​អូលីវ មក​ពី​ភូមិ​បេថ្លេហិម ព្រម​ទាំង​ការ​តុប​តែង​ដោយ​ប្រើ​ពណ៌​ឆើត​ៗ តាម​ជន​ជាតិ​មិចស៊ីកូ។​ ក្រុម​គ្រួសារ​យើង​ចូលចិត្ត​ការ​តុប​តែង តាម​ជន​ជាតិ​អាហ្វ្រិក​ជាង​គេ ដែល​ក្នុង​នោះ គេ​មិន​បាន​ដាក់​រូប​សត្វ​ចៀម និង​អូដ្ឋ​តាម​ធម្មតា តែ​បាន​ដាក់​រូបសត្វ​ដំរីទឹក​មើល​ទៅ​រូប​ព្រះ​ឱរស​យេស៊ូវ ដោយ​ការ​ពេញ​ចិត្ត។​

ការ​តុប​តែង​អំពី​កំណើត​ព្រះ​យេស៊ូវ តាម​វប្ប​ធម៌​ខុស​ៗ​គ្នា​ដូច​នេះ បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​ណាស់​ ខណៈ​ពេល​ដែល​ខ្ញុំនឹក​ចាំ​ថា កំណើត​របស់​ព្រះ​យេស៊ូវ មិន​មែន​សម្រាប់​តែ​ជន​ជាតិ ឬ​វប្បធម៌​មួយ​នោះ​ឡើយ តែ​ជា​ដំណឹង​ល្អ សម្រាប់​លោកិយ​ទាំង​មូល ជា​មូល​ហេតុ​ដែល​មនុស្ស នៅ​គ្រប់​ជាតិ​សាសន៍​អរ​សប្បាយ។​

រូប​ព្រះ​ឱរស​ដែល​បាន​បង្ហាញ នៅ​ក្នុង​ការ​តុប​តែង​អំពី​កំណើត​ព្រះ​យេស៊ូវ ក្នុង​គ្រួសារ​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ពិត នៃ​ព្រះទ័យ ដែល​ទ្រង់​មាន​សម្រាប់​លោកិយ​ទាំង​មូល។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ពេល​ដែល​ពួក​ផារិស៊ី​ម្នាក់​ទូល​សួរ​ព្រះ​យេស៊ូវ ព្រះ​អង្គ​ក៏បាន​មាន​បន្ទូល​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។

អំណោយ​របស់​ព្រះ​យេស៊ូវ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​ម្នាក់​ៗ។ ទោះ​អ្នក​មាន​ផ្ទះ​នៅ​កន្លែង​ណាក៏​ដោយ ក្នុង​ពិភព​លោក​នេះ កំណើត​របស់​ព្រះ​យេស៊ូវ គឺ​ជា​ការ​ប្រទាន​របស់​ព្រះ នូវ​សេចក្តី​ស្រឡាញ់ និង​សន្តិ​ភាព​មក​អ្នក។ ហើយ​អស់​អ្នក​ដែល​រកឃើញ​ជីវិត​ថ្មី ក្នុង​ព្រះ​គ្រីស្ទ  ដែល “មក​ពី​គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍” ​និង​ច្រៀង​សរសើរសិរីល្អ​របស់​ព្រះ ជា​រៀង​រហូត​(វិវរណៈ ៥:៩)។​—Lisa M. Samra