មានពេលមួយ ចរន្តអគ្គីសនីនៅផ្ទះខ្ញុំស្រាប់តែដាច់ ហើយថ្ងៃក៏បានលិចអស់ជាច្រើនម៉ោងហើយដែរ។ កាលនោះ ខ្ញុំនៅផ្ទះជាមួយក្មេងតូចៗ២នាក់ ហើយនេះជាលើកទីមួយហើយ ដែលពួកគេបានជួបបញ្ហាដាច់ភ្លើង។ បន្ទាប់ពីខ្ញុំបានដឹងច្បាស់ថា ក្រុមហ៊ុនអគ្គីសនីបានដឹង អំពីការដាច់ចរន្តអគ្គីសនីនោះហើយ ខ្ញុំក៏យកទានមកដុតបំភ្លឺផ្ទះ រួចខ្ញុំ និងក្មេងៗក៏បានអង្គុយផ្តុំគ្នា នៅជុំវិញភ្លើងទៀន។ ពួកគេហាក់ដូចជាមានការព្រួយបារម្ភ និងរសាប់រសល់ ដូចនេះ យើងក៏ចាប់ផ្តើមច្រៀងចម្រៀងមួយបទ។ មិនយូរប៉ុន្មាន ការព្រួយបារម្ភដែលមាននៅលើផ្ទៃមុខរបស់ពួកគេ ក៏ត្រូវបានជំនួសដោយស្នាមញញឹមវិញ។ ជួនកាល ក្នុងពេលដែលងងឹតបំផុត យើងត្រូវការបទចម្រៀងមួយបទ។
បទគម្ពីរទំនុកដំកើង ជំពូក១០៣ គឺជាសេចក្តីអធិស្ឋាន ឬបទចម្រៀងដែលត្រូវបាននិពន្ធឡើង បន្ទាប់ពីរាស្រ្តរបស់ព្រះបានវិលត្រឡប់មកពីការនិរទេស។ ស្រុកកំណើតរបស់ពួកគេស្ថិតក្នុងភាពបាក់បែក។ ក្នុងពេលដែលមានវិបត្តិនោះ ពួកគេចាំបាច់ត្រូវច្រៀង។ តែមិនមែនចេះតែច្រៀងនោះទេ។ ពួកគេចាំបាច់ត្រូវច្រៀងថា ព្រះទ្រង់ជានរណា ហើយបានធ្វើអ្វីខ្លះ។ បទគម្ពីរទំនុកដំកើង ជំពូក១០៤ ក៏បានជួយរំឭកយើងថា ព្រះអង្គមានព្រះទ័យអាណិត សេចក្តីមេត្តា ភាពអត់ធ្មត់ និងមានពេញដោយសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់(ខ.៨)។ ហើយក្នុងករណី ដែលយើងឆ្ងល់ថា តើព្រះទ្រង់នៅតែប្រកាន់ទោសនៃអំពើបាបរបស់យើងឬទេ នោះបទគម្ពីរទំនុកដំកើងបានប្រកាស់ថា ព្រះអង្គមិនខឹងនឹងយើងទេ។ ព្រះអង្គបានអត់ទោសឲ្យយើង ហើយព្រះអង្គអាណិតយើងណាស់។
យើងគួរតែច្រៀងអំពីរឿងនេះ ក្នុងអំឡុងពេលយប់ងងឹត នៃជីវិតយើង។
ស្ថិតក្នុងពេលដ៏ងងឹត និងពិបាកនោះ អ្នកប្រហែលជាឆ្ងល់ថា តើព្រះទ្រង់ពិតជាល្អមែនឬ តើព្រះអង្គពិតជាស្រឡាញ់អ្នកឬ? បើអ្នកពិតជាមានការសង្ស័យដូចនេះមែន នោះចូរអធិស្ឋាន និងច្រៀងថ្វាយដល់ព្រះដែលមានពេញដោយក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ!—Glenn Packiam