មាន​ពេល​មួយ ចរន្ត​អគ្គីសនី​នៅ​ផ្ទះ​ខ្ញុំ​ស្រាប់​តែ​ដាច់ ហើយ​ថ្ងៃ​ក៏​បាន​លិច​អស់​ជា​ច្រើន​ម៉ោង​ហើយ​ដែរ។ កាល​នោះ ខ្ញុំ​នៅ​ផ្ទះជា​មួយ​ក្មេង​តូច​ៗ​២​នាក់ ហើយ​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ពួក​គេ​បាន​ជួប​បញ្ហា​ដាច់​ភ្លើង។ បន្ទាប់​ពី​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា​ ក្រុមហ៊ុន​អគ្គី​សនី​បាន​ដឹង អំពី​ការ​ដាច់​ចរន្ត​អគ្គី​សនី​នោះ​ហើយ ខ្ញុំក៏​យក​ទាន​មក​ដុត​បំភ្លឺ​ផ្ទះ​ រួច​ខ្ញុំ និង​ក្មេង​ៗក៏​បាន​អង្គុយ​ផ្តុំ​គ្នា​ នៅ​ជុំវិញ​ភ្លើង​ទៀន។ ពួក​គេ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ និង​រសាប់រសល់ ដូច​នេះ យើង​ក៏​ចាប់​ផ្តើម​ច្រៀង​ចម្រៀង​មួយ​បទ។ មិន​យូរ​ប៉ុន្មាន ការព្រួយ​បារម្ភ​ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ ក៏​ត្រូវ​បាន​ជំនួស​ដោយ​ស្នាម​ញញឹម​វិញ។ ជួន​កាល​ ក្នុង​ពេល​ដែល​ងងឹត​បំផុត យើង​ត្រូវ​ការ​បទ​ចម្រៀង​មួយ​បទ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៣ គឺ​ជា​សេចក្តី​អធិស្ឋាន ឬ​បទ​ចម្រៀង​ដែល​ត្រូវ​បាន​និពន្ធ​ឡើង បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បានវិល​ត្រឡប់​មក​ពី​ការ​និរទេស។ ស្រុក​កំណើត​របស់​ពួក​គេ​ស្ថិត​ក្នុង​ភាព​បាក់​បែក។ ក្នុង​ពេល​ដែល​មាន​វិបត្តិ​នោះ ពួក​គេ​ចាំ​បាច់​ត្រូវ​ច្រៀង។ តែ​មិន​មែន​ចេះ​តែ​ច្រៀង​នោះ​ទេ។ ពួក​គេ​ចាំ​បាច់​ត្រូវ​ច្រៀង​ថា ព្រះ​ទ្រង់​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ។ បទ​គម្ពីរទំនុក​ដំកើង ជំពូក១០៤ ក៏​បាន​ជួយ​រំឭក​យើង​ថា ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាណិត សេចក្តី​មេត្តា​ ភាព​អត់​ធ្មត់ និង​មាន​ពេញ​ដោយសេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​(ខ.៨)។ ហើយ​ក្នុង​ករណី ដែល​យើង​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​នៅ​តែ​ប្រកាន់​ទោស​នៃ​អំពើ​បាប​របស់យើង​ឬ​ទេ នោះ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រកាស់​ថា ព្រះ​អង្គ​មិន​ខឹង​នឹង​យើង​ទេ។ ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង ហើយ​ព្រះអង្គ​អាណិត​យើង​ណាស់។

យើង​គួរ​តែ​ច្រៀង​អំពី​រឿង​នេះ ក្នុង​អំឡុង​ពេល​យប់​ងងឹត នៃ​ជីវិត​យើង។

ស្ថិត​ក្នុង​ពេល​ដ៏​ងងឹត និង​ពិបាក​នោះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​ពិត​ជា​ល្អ​មែន​ឬ តើ​ព្រះ​អង្គ​ពិត​ជា​ស្រឡាញ់​អ្នក​ឬ? បើ​អ្នក​ពិត​ជា​មាន​ការ​សង្ស័យ​ដូច​នេះ​មែន នោះ​ចូរ​អធិស្ឋាន  និងច្រៀង​ថ្វាយ​ដល់​ព្រះ​ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ!—Glenn Packiam