កាលលោកដូវេន(Dowayne) មានអាយុ១៧ឆ្នាំ គាត់ត្រូវតែចាកចេញពីផ្ទះ ក្នុងសង្កាត់ម៉ានេនបឺក ដែលជាផ្នែកមួយនៃទីក្រុង ខេប ថោយន ប្រទេសអាហ្វ្រិកខាងត្បូង ដោយសារគាត់បានប្រព្រឹត្តអំពើចោរកម្ម និងញៀនថ្នាំហេរ៉ូអ៊ីន។ គាត់មិនបានទៅណាឆ្ងាយទេ។ គាត់បានសង់ខ្ទមស័ង្កសី ក្នុងទីធ្លាខាងក្រោយផ្ទះម្តាយគាត់ ហើយមិនយូរ ប៉ុន្មានកន្លែងនោះត្រូវបានគេស្គាល់ថាជា កាស៊ីណូ និងកន្លែងសេពគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ ពេលគាត់មានអាយុ១៩ឆ្នាំ គាត់ក៏បានទទួលសេចក្តីសង្គ្រោះ ដោយជំនឿលើព្រះយេស៊ូវ។ ការធ្វើដំណើរចាកចេញពីការញៀនថ្នាំ មានរយៈពេលយូរ ហើយហត់នឿយណាស់ តែគាត់បានជាស្អាត ដោយសារជំនួយមកពីព្រះ ហើយដោយមានការគាំទ្រពីមិត្តភក្តិគាត់ ដែលជាអ្នកជឿព្រះយេស៊ូវ។ រយៈពេល១០ឆ្នំា បន្ទាប់ពីគាត់បានសង់កាស៊ីណូនោះ គាត់ និងមិត្តភក្តិគាត់ក៏បានកែប្រែខ្ទមនោះ ឲ្យក្លាយជាព្រះវិហារ។ ទីកន្លែងដ៏ងងឹតមានពេញដោយអំពើបាបនោះ ក៏បានក្លាយជាកន្លែងថ្វាយបង្គំ និងអធិស្ឋាន។
អ្នកដឹកនាំនៃព្រះវិហារមួយនេះ បានមើលបទគម្ពីរយេរេមា ជំពូក៣៣ ដែលបានចែង អំពីការដែលព្រះទ្រង់បាននាំការប្រោសឲ្យជា និងការស្អាងឡើងវិញ ដល់រាស្រ្តទ្រង់ និងទឹកដីរបស់ពួកគេ គឺដូចដែលព្រះអង្គបានធ្វើសម្រាប់លោកដូវេន និងអតីតកាស៊ីណូនោះ។ ហោរាយេរេមាបាននិយាយទៅកាន់រាស្រ្តរបស់ព្រះ ដែលកំពុងរស់នៅជាឈ្លើយសង្រ្គាម ដោយប្រាប់ពួកគេថា ទោះទីក្រុងនោះបានទទួលរងការបំផ្លិចបំផ្លាញមែន ព្រះទ្រង់នឹងនៅតែប្រោសរាស្រ្តទ្រង់ឲ្យជា ហើយនឹង “ស្អាងពួកគេឡើងវិញ” ដោយសម្អាតពួកគេ ឲ្យស្អាតពីអស់ទាំងអំពើបាប(យេរេមា ៣៣:៧-៨)។ បន្ទាប់មក ទីក្រុងនោះនឹងថ្វាយក្តីអំណរ សេចក្តីសរសើរ និងព្រះកិត្តិនាមដល់ព្រះអង្គ(ខ.៩)។
ពេលណាយើងជួបការល្បួង ឲ្យមានចិត្តអស់សង្ឃឹម ដោយសារអំពើបាប ដែលនាំឲ្យមានការឈឺចាប់ និងភាពខ្ទេចខ្ទាំ នោះចូរយើងបន្តអធិស្ឋានថា ព្រះទ្រង់នឹងនាំមកនូវការប្រោសឲ្យជា និងក្តីសង្ឃឹម គឺដូចដែលព្រះអង្គបានធ្វើ នៅទីធ្លាក្រោយផ្ទះរបស់ម្តាយលោកដូវេនអញ្ចឹងដែរ។—Amy Boucher Pye