កាលពីឆ្នំា១៨៧៦ កម្មករអណ្តូងរ៉ែបានខួងដី ដើម្បីស្វែងរកធ្យូងថ្ម ក្នុងភូមិភាគកណ្តាលនៃរដ្ឋអ៊ីនឌីអាណា ហើយក៏បានគិតស្មានថា ពួកគេបានរកឃើញច្រកទ្វារចូលស្ថាននរកហើយ។ លោកចន បាឡូ ម៉ាធីន(John Barlow Martin) ដែលជាអ្នកប្រវត្តិសាស្រ្ត បានរាយការថា ពេលដែលពួកគេខួងដល់ជម្រៅ១៨០ម៉ែត្រ ពួកគេក៏បានឃើញផ្សែងបាញ់ចេញពីក្នុងដីមក ដោយសម្លេងដែលគួរឲ្យស្ញែងខ្លាច។ ពួកគេមានការភ័យខ្លាចថា ពួកគេប្រហែលជាបានខួងចំដំបូលនៃរូងភ្នំរបស់អារក្សហើយ ដូចនេះ ពួកគេក៏បានសន្ធប់មាត់អណ្តូងរ៉ែនោះ រួចប្រញាប់ត្រឡប់ទៅផ្ទះវិញ។
ជាការពិតណាស់ កម្មករអណ្តូងរ៉ែទាំងនោះមានការយល់ច្រឡំ ព្រោះប៉ុន្មានឆ្នាំក្រោយមក ក្រុមផ្សេងក៏បានខួងអណ្តូងរ៉ែនោះម្តងទៀត ហើយក៏បានរកឃើញឧស្ម័នធម្មជាតិយ៉ាងច្រើនសណ្ឋឹក។ ពួកគេមានការយល់ច្រឡំ តែខ្ញុំមានអារម្មណ៍ថា ដូចជាច្រណែនពួកគេបន្តិច។ កម្មករអណ្តូររ៉ែទាំងនេះ បានរស់នៅ ដោយមានការប្រុងប្រយ័ត្នចំពោះពិភពខាងវិញ្ញាណ ដែលជាញឹកញាប់ ខ្ញុំបានភ្លេចគិតដល់ ។ ខ្ញុំងាយនឹងរស់នៅ ដោយហាក់ដូចជាជឿថា ពិភពខាងវិញ្ញាណ និងខាងសាច់ឈាមមិនមានការប្រសព្វគ្នា ហើយងាយនឹងភ្លេចថា “យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ”(អេភេសូរ ៦:១២)។
ពេលណាយើងបានឃើញការអាក្រក់មានជ័យជម្នះ ក្នុងលោកិយរបស់យើង យើងមិនគួរចុះចាញ់ ឬព្យាយាមប្រយុទ្ធដោយពឹងអាងកម្លាំងខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវតយុទ្ធនឹងការអាក្រក់ “ដោយពាក់គ្រឿងសឹករបស់ព្រះ”(ខ.១៣-១៨)។
យើងក៏ចាំបាច់ត្រូវសិក្សាព្រះគម្ពីរប៊ីប និងជួបប្រជុំជាទៀងទាត់ជាមួយអ្នកជឿដទៃទៀត ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើការសម្រេចចិត្ត ដោយគិតដល់ប្រយោជន៍អ្នកដទៃ ព្រោះការទាំងនេះក៏អាចជួយឲ្យយើង “អាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(ខ.១១)។ ដោយសារជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចឈរមាំមួន នៅចំពោះមុខអ្វីៗគ្រប់យ៉ាង(v. 13)។—Amy Peterson