កាល​ពី​ឆ្នំា​១៨៧៦ កម្មករ​អណ្តូង​រ៉ែ​បាន​ខួង​ដី ដើម្បី​ស្វែង​រក​ធ្យូង​ថ្ម ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​រដ្ឋ​អ៊ីនឌីអាណា ហើយ​ក៏​បាន​គិតស្មាន​ថា ពួក​គេ​បាន​រក​ឃើញ​ច្រក​ទ្វារ​ចូល​ស្ថាន​នរក​ហើយ។ លោក​ចន បាឡូ ម៉ាធីន(John Barlow Martin) ដែល​ជាអ្នក​ប្រវត្តិ​សាស្រ្ត បាន​រាយ​ការ​ថា ពេល​ដែល​ពួក​គេ​ខួង​ដល់​ជម្រៅ​១៨០​ម៉ែត្រ ពួក​គេ​ក៏​បាន​ឃើញ​ផ្សែង​បាញ់​ចេញ​ពី​ក្នុង​ដី​មក ដោយ​សម្លេង​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ថា ពួក​គេ​ប្រហែល​ជា​បាន​ខួង​ចំ​ដំបូល​នៃ​រូង​ភ្នំ​របស់​អារក្ស​ហើយ ដូច​នេះ ពួក​គេ​ក៏​បាន​សន្ធប់​មាត់​អណ្តូង​រ៉ែ​នោះ រួច​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

ជា​ការ​ពិត​ណាស់ កម្មករ​អណ្តូង​រ៉ែ​ទាំង​នោះ​មាន​ការ​យល់​ច្រឡំ ព្រោះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ក្រុម​ផ្សេង​ក៏​បាន​ខួង​អណ្តូង​រ៉ែ​នោះម្តង​ទៀត ហើយ​ក៏​បាន​រក​ឃើញ​ឧស្ម័ន​ធម្មជាតិ​យ៉ាង​ច្រើន​សណ្ឋឹក។ ពួក​គេ​មានការ​យល់​ច្រឡំ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជាច្រណែន​ពួក​គេ​បន្តិច​។ កម្មករ​អណ្តូរ​រ៉ែ​ទាំង​នេះ បាន​រស់​នៅ ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពិភព​ខាង​វិញ្ញាណ ដែលជា​ញឹក​ញាប់ ​ខ្ញុំ​បានភ្លេច​គិត​ដល់ ។ ខ្ញុំ​ងាយ​នឹង​រស់​នៅ ដោយ​ហាក់​ដូច​ជា​ជឿ​ថា ពិភព​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​មិន​មាន​ការប្រសព្វ​គ្នា ហើយ​ងាយ​នឹង​ភ្លេច​ថា “​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ”(អេភេសូរ ៦:១២)។

ពេល​ណា​យើង​បាន​ឃើញ​ការអាក្រក់​មាន​ជ័យ​ជម្នះ ក្នុង​លោកិយ​របស់​យើង យើង​មិន​គួរ​ចុះ​ចាញ់ ឬ​ព្យាយាម​ប្រយុទ្ធ​ដោយពឹង​អាង​កម្លាំង​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តយុទ្ធ​នឹង​ការ​អាក្រក់ “ដោយ​ពាក់​គ្រឿង​សឹក​របស់​ព្រះ”(ខ.១៣-១៨)។

យើង​ក៏​ចាំ​បាច់​ត្រូវ​សិក្សាព្រះ​គម្ពីរប៊ីប និង​ជួប​ប្រជុំ​ជា​ទៀង​ទាត់​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ ព្រោះ​ការ​ទាំង​នេះ​ក៏​អាច​ជួយ​ឲ្យ​យើង​ “អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។ ដោយសារ​ជំនួយ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ឈរ​មាំមួន នៅ​ចំពោះ​មុខ​អ្វី​ៗ​គ្រប់​យ៉ាង​(v. 13)។—Amy Peterson