មានពេលមួយខ្ញុំបានសំភាសភ្ញៀវដែលមានឈ្មោះល្បីម្នាក់។ គាត់បានឆ្លើយសំណួរខ្ញុំ ដោយការគួរសម។ តែខ្ញុំមានអារម្មណ៍ថា មានអ្វីមួយកំពុងលាក់ខ្លួន នៅចន្លោះការសន្ទនារបស់យើង។ វាក៏បានបង្ហាញខ្លួន ពេលដែលគាត់និយាយបន្ថែមពីពាក្យរបស់ខ្ញុំ។
ខ្ញុំសរសើរគាត់ថា គាត់បានជំរុញចិត្តមនុស្សរាប់ពាន់នាក់។ គាត់ក៏បានរអ៊ូថា “មិនមែនរាប់ពាន់នាក់ទេ គឺរាប់លាននាក់”។
គួរឲ្យសោកស្តាយណាស់ ដែលខ្ញុំគិតមិនដល់។ ភ្ញៀវរបស់ខ្ញុំបានរំឭកខ្ញុំ អំពីស្នាដៃរបស់គាត់ មុខតំណែងដែលគាត់មាន សមិទ្ធិផលដែលគាត់ទទួលបាន ព្រមទាំងទស្សនាវដ្ដីដែលគាត់បានមើល។ ពេលនោះ ខ្ញុំហាក់ដូចជាមានការឆ្គាំឆ្គង។
ចាប់តាំងពីខ្ញុំបានជួបរឿងនេះមក ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដល់លោកម៉ូសេ នៅលើភ្នំស៊ីណៃ(និក្ខមនំ ៣៤:៥-៧)។ ព្រះអង្គជាអ្នកបង្កើតចក្រវាល និងជាអ្នកជំនុំជម្រះមនុស្សជាតិ តែព្រះអង្គមិនបានប្រើមុខតំណែងរបស់ព្រះអង្គ នៅចំពោះមុខលោកម៉ូសេនោះទេ។ ព្រះអង្គជាអ្នកបង្កើតកាឡាក់ស៊ីជាង១០០ពាន់លានក្នុងចក្រវាល តែព្រះអង្គក៏មិនបានយករឿងនេះមកប្រាប់លោកម៉ូសេដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានណែនាំគាត់ឲ្យដឹងថា ព្រះអង្គជា “ព្រះដែលមានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ” (និក្ខមនំ ៣៤:៦)។ ពេលដែលព្រះអង្គបង្ហាញថា ព្រះអង្គជានរណា នោះព្រះអង្គមិនបានរៀបរាប់អំពីមុខតំណែង ឬស្នាដៃនោះទេ តែព្រះអង្គបង្ហាញចរិកលក្ខណៈរបស់ព្រះអង្គ។
រឿងនេះពិតជាមានន័យជ្រាលជ្រៅចំពោះយើង ជាមនុស្សដែលព្រះទ្រង់បានបង្កើត ឲ្យដូចរូបអង្គទ្រង់ ហើយបានត្រាស់ហៅឲ្យយកគំរូតាមព្រះអង្គ(លោកុប្បត្តិ ១:២៧ និង អេភេសូរ ៥:១-២)។ ការមានស្នាដៃ និងមុខតំណែងគឺជារឿងល្អ តែអ្វីដែលពិតជាសំខាន់នោះ តើយើងបានប្រែក្លាយជាមានការអាណិត ប្រកបដោយព្រះគុណ និងក្តីស្រឡាញ់ខ្លាំងប៉ុណ្ណា។
យើងប្រហែលជាចង់គិតថា ខ្លួនយើងសំខាន់ ដោយផ្អែកទៅលើស្នាដៃរបស់យើង ប៉ុន្តែ ព្រះនៃយើងបានធ្វើជាគំរូ ឲ្យយើងដឹងថា ជោគជ័យពិតប្រាកដ គឺមិនមែនជាអ្វីដែលមាននៅលើនាមប័ណ្ណ ឬប្រវត្តិរូបរបស់យើងនោះទេ តែជាការផ្លាស់ប្រែ ឲ្យមានចារិកលក្ខណៈកាន់តែដូចព្រះអង្គ។—Sheridan Voysey