នៅពេលល្ងាចថ្ងៃចូលឆ្នាំសកល គេបានបាញ់កាំជ្រួច នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា នៅសហរដ្ឋអាមេរិក។ គេមានចេតនាធ្វើឲ្យកាំជ្រួចនោះមានសម្លេងលាន់ឮខ្លាំង ព្រោះតាមធម្មជាតិរបស់កាំជ្រួច ពួកវាត្រូវបានគេផលិត ដើម្បីឲ្យផ្ទុះបំបែកបរិយាកាស។ គ្រាប់កាំជ្រួចដែលផ្ទុះពីរតង់ លាន់ឮខ្លាំងបំផុត ជាពិសេសនៅពេលដែលវាផ្ទុះ នៅក្បែរដី។
បញ្ហាក៏អាចផ្ទុះបំបែកចិត្ត គំនិត និងគ្រួសារផងដែរ។ “កំាជ្រួច”នៃជីវិត ដែលមានដូចជាបញ្ហាគ្រួសារ ទំនាក់ទំនង ការងារ និងហិរញ្ញវត្ថុ ព្រមទាំងការបាក់បែកក្នុងពួកជំនុំ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថា វាមានលក្ខណៈដូចជាបន្ទុះ ដែលធ្វើឲ្យបរិយាកាសនៃផ្លូវអារម្មណ៍របស់យើងមានភាពរង្គោះរង្គើ។
តើយើងស្គាល់ព្រះមួយអង្គ ដែលលើកយើងខ្ពស់ឡើង ឲ្យផុតភាពវឹកវរឬទេ? ក្នុងបទគម្ពីរ អេភេសូរ ២:១៤ សាវ័កប៉ុលបានសរសេរថា ព្រះគ្រីស្ទជា “សន្តិភាពរបស់យើង”។ ពេលណាយើងនៅជាប់ក្នុងព្រះវត្តមានព្រះអង្គ សន្តិភាពព្រះអង្គធំជាងការរំខានញាំញី និងបានរំងាប់សម្លេងរំខាន នៅក្នុងការព្រួយបារម្ភ ការឈឺចាប់ ឬការបែកបាក់ទំាងអស់។
នេះជាការធានាដ៏មានអំណាច ដល់ជនជាតិយូដា ក៏ដូចជាសាសន៍ដទៃ។ ពួកគេធ្លាប់រស់នៅ ដោយគ្មានសង្ឃឹម និងគ្មានព្រះ ក្នុងលោកិយនេះ(ខ.១២)។ ពួកគេក៏បានជួបការគំរាមកំហែង នៃការបៀតបៀន និងការបែកបាក់។ ប៉ុន្តែ ក្នុងព្រះគ្រីស្ទ ព្រះអង្គនាំពួកគេចូលមកជិតព្រះអង្គ និងចូលមកជិតគ្នា ដោយព្រះលោហិតព្រះអង្គ។ “ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ”(ខ.១៤)។
ខណៈពេលដែលយើងចាប់ផ្តើមបោះជំហានចូលក្នុងឆ្នាំថ្មី ដោយមានការគំរាមកំហែង នៃភាពវឹកវរ និងការបែកបាក់ កំពុងតែរំជើបរំជួល នោះចូរយើងងាកចេញពីជីវិត ដែលមានពេញដោយទុក្ខលំបាក ហើយស្វែងរកសន្តិភាពរបស់ព្រះវិញ។ ព្រះអង្គធ្វើឲ្យសម្លេងដែលលាន់ទ្រហឹងប្រែជាស្ងប់ស្ងាត់ ហើយក៏ប្រោសយើងឲ្យជា។—Patricia Raybon