នៅ​ពេល​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​សកល គេ​បាន​បាញ់​កាំជ្រួច នៅ​តាម​បណ្តា​ទីក្រុង និង​ទីប្រជុំ​ជន​នានា នៅ​សហ​រដ្ឋ​អាមេរិក។ គេ​មានចេតនា​ធ្វើ​ឲ្យ​កាំជ្រួច​នោះ​មាន​សម្លេង​លាន់​ឮ​ខ្លាំង ព្រោះ​តាម​ធម្មជាតិ​របស់​កាំជ្រួច ពួក​វា​ត្រូវ​បាន​គេ​ផលិត ដើម្បី​ឲ្យ​ផ្ទុះ​បំបែក​បរិយាកាស។ គ្រាប់​កាំជ្រួច​ដែល​ផ្ទុះ​ពីរ​តង់ លាន់​ឮ​ខ្លាំង​បំផុត ជា​ពិសេស​នៅ​ពេល​ដែល​វា​ផ្ទុះ នៅ​ក្បែរ​ដី។

បញ្ហា​ក៏​អាច​ផ្ទុះ​បំបែក​ចិត្ត គំនិត និង​គ្រួសារ​ផង​ដែរ។ “កំាជ្រួច”នៃ​ជីវិត ដែល​មាន​ដូច​ជា​បញ្ហា​គ្រួសារ ទំនាក់​ទំនង ការងារ និងហិរញ្ញ​វត្ថុ ព្រម​ទាំង​ការ​បាក់​បែក​ក្នុង​ពួក​ជំនុំ ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ វា​មាន​លក្ខណៈ​ដូច​ជា​បន្ទុះ ដែល​ធ្វើ​ឲ្យបរិយា​កាស​នៃ​ផ្លូវ​អារម្មណ៍​របស់​យើង​មាន​ភាព​រង្គោះ​រង្គើ។

តើ​យើង​ស្គាល់​ព្រះ​មួយ​អង្គ ដែល​លើក​យើង​ខ្ពស់​ឡើង ឲ្យ​ផុត​ភាព​វឹក​វរ​ឬ​ទេ? ក្នុង​បទ​គម្ពីរ​ អេភេសូរ ២:១៤ សាវ័ក​ប៉ុល​បានសរសេរ​ថា ព្រះ​គ្រីស្ទ​ជា​ “សន្តិ​ភាព​របស់​យើង”។​ ពេល​ណា​យើង​នៅ​ជាប់​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ សន្តិ​ភាព​ព្រះ​អង្គ​ធំ​ជាង​ការរំខាន​ញាំញី និង​បាន​រំងាប់​សម្លេង​រំខាន នៅ​ក្នុង​ការ​ព្រួយ​បារម្ភ  ការ​ឈឺ​ចាប់ ឬ​ការ​បែក​បាក់​ទំាង​អស់។

នេះ​ជា​ការ​ធានា​ដ៏​មាន​អំណាច ដល់​ជន​ជាតិ​យូដា ក៏​ដូច​ជា​សាសន៍​ដទៃ។ ពួកគេ​ធ្លាប់​រស់​នៅ ដោយ​គ្មាន​សង្ឃឹម និង​គ្មាន​ព្រះ ក្នុង​លោកិយ​នេះ​(ខ.១២)។ ពួក​គេ​ក៏​បាន​ជួប​ការ​គំរាម​កំហែង នៃ​ការ​បៀត​បៀន និង​ការ​បែក​បាក់។ ប៉ុន្តែ ក្នុង​ព្រះ​គ្រីស្ទ ព្រះអង្គ​នាំ​ពួក​គេ​ចូល​មក​ជិត​ព្រះ​អង្គ និង​ចូល​មក​ជិត​គ្នា ដោយ​ព្រះ​លោហិត​ព្រះ​អង្គ។ “ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ”(ខ.១៤)។

ខណៈ​ពេល​ដែល​យើង​ចាប់​ផ្តើម​បោះ​ជំហាន​ចូល​ក្នុង​ឆ្នាំ​ថ្មី ដោយ​មាន​ការ​គំរាម​កំហែង នៃ​ភាព​វឹក​វរ និង​ការ​បែក​បាក់ កំពុង​តែរំជើប​រំជួល នោះ​ចូរ​យើង​ងាក​ចេញពី​ជីវិត ដែល​មាន​ពេញ​ដោយ​ទុក្ខ​លំបាក ហើយ​ស្វែង​រក​សន្តិ​ភាព​របស់​ព្រះ​វិញ។ ព្រះ​អង្គធ្វើ​ឲ្យ​សម្លេង​ដែល​លាន់​ទ្រហឹង​ប្រែ​ជា​ស្ងប់​ស្ងាត់ ហើយ​ក៏​ប្រោស​យើង​ឲ្យ​ជា។—Patricia Raybon