ក្នុង​សៀវ​ភៅ​ដែល​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ  គាត់បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចោទ​សួរ​ខ្លួន​ឯង នូវ​សំណួរ​មួយ​ចំនួន ដើម្បី​ឲ្យ​យើង​ដឹង​ថា តើ​យើង​ពិត​ជា​មាន​អំណួត​ឬ​អត់។ សំណួរ​ទាំង​នោះ​មាន​ដូច​ជា : ​តើ​ខ្ញុំ​មាន​ការ​មិន​ពេញ​ចិត្ត​ប៉ុណ្ណា ពេល​ដែល​អ្នក​ដទៃ​មិន​អើពើរ​ចំពោះ​ខ្ញុំ ឬ​មិន​ចាប់​អារម្មណ៍​ចំពោះ​ខ្ញុំ … ឬ​គេ​ពូកែ​ជាង​ខ្ញុំ ឬ​ក៏​អួត​សំញែង? លោក​លូអ៊ីស​បាន​សង្កេត​ឃើញ​ថា អំណួត​ជា​ដង្កៀប “ដែល​អាក្រក់​បំផុត” និងជា​បុព្វ​ហេតុ​ចម្បង នៃ​ទុក្ខ​វេទនា ក្នុង​គ្រួសារ និង​ប្រជា​ជាតិ​នានា។ គាត់​បាន​ហៅ​អំណួត​ថា “ជំងឺ​មហា​រីក​ខាង​វិញ្ញាណ” ដែលស៊ី​បំផ្លាញ សេចក្តី​ស្រឡាញ់ ការ​ស្កប់​ចិត្ត និង​បញ្ញា​ផង​ដែរ។

អំណួត​គឺ​ជា​បញ្ហា ដែល​បាន​កើត​មាន គ្រប់​សម័យ​កាល។ ព្រះ​ទ្រង់​ធ្លាប់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសេគាល ដើម្បី​ព្រមាន​ស្តេច​នៃ​ក្រុង​ទីរ៉ុស ដោយ​សារ​អំណួត​របស់​ស្តេច​អង្គ​នេះ។ ទ្រង់​មាន​បន្ទូល​ថា អំណួត​របស់​ស្តេច​អង្គ​នេះ នឹង​នាំ​មក​នូវសេចក្តី​អន្ត​រាយ ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ដោយ​ព្រោះ​ឯង​បាន​តាំង​ចិត្ត ឲ្យ​បាន​ដូច​ជា​ព្រះហឫទ័យ​នៃ​ព្រះ នោះ​មើល អញ​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែងខ្លាច នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍​មក​លើ​ឯង”(អេសេគាល ២៨:៦-៧)។ ក្រោយ​មក ស្តេច​អង្គ​នេះ​ក៏​បាន​ដឹង​ថា ទ្រង់​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ប៉ុណ្ណោះ​(ខ.៩)។

ផ្ទុយ​នឹង​អំណួត គឺ​ការ​បន្ទាប​ខ្លួន ​ជា​គុណ​ធម៌ ដែល​យើង​ទទួល​បាន តាម​រយៈ​ការ​ស្គាល់​ព្រះ។ លោក​លូអ៊ីស​បាន​មានប្រសាសន៍​ថា កាល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ នោះ​យើង​នឹង​មាន​ការ​បន្ទាប​ខ្លួន ដោយ​អំណរ ដោយ​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់​ពី​បាន​បំបាត់​គំនិត​ឥត​ន័យ​ដ៏​ល្ងីល្ងឺ អំពី​ភាព​ថ្លៃ​ថ្នូ​របស់​យើង ដែល​កាល​ពី​មុន វា​បាន​ធ្វើ​ឲ្យ​យើង​ហត់​នឿយ និង​មិន​សប្បាយ​ចិត្ត។

កាល​ណា​យើង​ថ្វាយ​បង្គំ​ព្រះ​កាន់​តែ​ច្រើន នោះ​យើង​នឹង​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ហើយ​យើង​ក៏​អាច​បន្ទាប​ខ្លួន​កាន់​តែ​ខ្លំាង នៅ​ចំពោះ​ព្រះ​អង្គ។ ចូរ​យើង​រស់​នៅ​ជា​មនុស្ស​ដែល​ស្រឡាញ់ និង​បម្រើ ដោយ​ក្តី​អំណរ និង​ការ​បន្ទាប​ខ្លួន។—Amy Boucher Pye