ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C. S. Lewis) បាននិពន្ធមានចំណងជើងថា ជំនឿគ្រីស្ទបរិស័ទពិតប្រាកដ គាត់បានលើកទឹកចិត្តយើងឲ្យចោទសួរខ្លួនឯង នូវសំណួរមួយចំនួន ដើម្បីឲ្យយើងដឹងថា តើយើងពិតជាមានអំណួតឬអត់។ សំណួរទាំងនោះមានដូចជា : តើខ្ញុំមានការមិនពេញចិត្តប៉ុណ្ណា ពេលដែលអ្នកដទៃមិនអើពើរចំពោះខ្ញុំ ឬមិនចាប់អារម្មណ៍ចំពោះខ្ញុំ … ឬគេពូកែជាងខ្ញុំ ឬក៏អួតសំញែង? លោកលូអ៊ីសបានសង្កេតឃើញថា អំណួតជាដង្កៀប “ដែលអាក្រក់បំផុត” និងជាបុព្វហេតុចម្បង នៃទុក្ខវេទនា ក្នុងគ្រួសារ និងប្រជាជាតិនានា។ គាត់បានហៅអំណួតថា “ជំងឺមហារីកខាងវិញ្ញាណ” ដែលស៊ីបំផ្លាញ សេចក្តីស្រឡាញ់ ការស្កប់ចិត្ត និងបញ្ញាផងដែរ។
អំណួតគឺជាបញ្ហា ដែលបានកើតមាន គ្រប់សម័យកាល។ ព្រះទ្រង់ធ្លាប់បានមានបន្ទូលតាមរយៈហោរាអេសេគាល ដើម្បីព្រមានស្តេចនៃក្រុងទីរ៉ុស ដោយសារអំណួតរបស់ស្តេចអង្គនេះ។ ទ្រង់មានបន្ទូលថា អំណួតរបស់ស្តេចអង្គនេះ នឹងនាំមកនូវសេចក្តីអន្តរាយ ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដោយព្រោះឯងបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ នោះមើល អញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍មកលើឯង”(អេសេគាល ២៨:៦-៧)។ ក្រោយមក ស្តេចអង្គនេះក៏បានដឹងថា ទ្រង់មិនមែនជាព្រះទេ គឺគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ(ខ.៩)។
ផ្ទុយនឹងអំណួត គឺការបន្ទាបខ្លួន ជាគុណធម៌ ដែលយើងទទួលបាន តាមរយៈការស្គាល់ព្រះ។ លោកលូអ៊ីសបានមានប្រសាសន៍ថា កាលណាយើងនៅជាប់នឹងព្រះ នោះយើងនឹងមានការបន្ទាបខ្លួន ដោយអំណរ ដោយអារម្មណ៍ធូរស្បើយ បន្ទាប់ពីបានបំបាត់គំនិតឥតន័យដ៏ល្ងីល្ងឺ អំពីភាពថ្លៃថ្នូរបស់យើង ដែលកាលពីមុន វាបានធ្វើឲ្យយើងហត់នឿយ និងមិនសប្បាយចិត្ត។
កាលណាយើងថ្វាយបង្គំព្រះកាន់តែច្រើន នោះយើងនឹងស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយយើងក៏អាចបន្ទាបខ្លួនកាន់តែខ្លំាង នៅចំពោះព្រះអង្គ។ ចូរយើងរស់នៅជាមនុស្សដែលស្រឡាញ់ និងបម្រើ ដោយក្តីអំណរ និងការបន្ទាបខ្លួន។—Amy Boucher Pye