ពេលដែលខ្ញុំ និងស្វាមីខ្ញុំ បានរៀបចំខ្លួន ដើម្បីធ្វើការផ្លាស់ប្តូរទីលំនៅ ទៅរដ្ឋផ្សេង ខ្ញុំចង់ឲ្យមានភាពងាយស្រួល នៅក្នុងការទំនាក់ទំនងជាមួយកូនប្រុសរបស់យើងដែលបានធំពេញវ័យហើយ។ ខ្ញុំក៏រកបានអំណោយពិសេសមួយ ដែលជាចង្កៀងមិត្តភាព ដែលតភ្ជាប់គ្នា ដោយបណ្តាញអ៊ីនធើណិត ដែលយើងអាចបើកពីចម្ងាយ។ ពេលដែលខ្ញុំឲ្យចង្កៀងនោះ ទៅកូនប្រុសរបស់ខ្ញុំ ខ្ញុំក៏បានពន្យល់ថា ចង្កៀងពួកគេនឹងភ្លឺឡើង ពេលណាខ្ញុំប៉ះចង្កៀងរបស់ខ្ញុំ ដើម្បីរំឭកពួកគេថា ខ្ញុំនៅតែស្រឡាញ់ និងអធិស្ឋានឲ្យពួកគេជានិច្ច។ ទោះយើងនៅឆ្ងាយពីគ្នាយ៉ាងណាក្តី ពេលដែលពួកគេប៉ះចង្កៀងរបស់ពួកគេ ចង្កៀងនៅផ្ទះខ្ញុំក៏បានភ្លឺឡើងផងដែរ។ គ្មានការទំនាក់ទំនងអ្វី ដែលល្អជាងការទំនាក់ទំនងដោយផ្ទាល់នោះឡើយ ប៉ុន្តែ យើងអាចទទួលការកម្សាន្តចិត្ត ដោយដឹងថា យើងកំពុងតែទទួលសេចក្តីស្រឡាញ់ និងអធិស្ឋានឲ្យគ្នាទៅវិញទៅមក ពេលណាភ្លើងចង្កៀងនោះភ្លឺឡើង។
កូនទាំងអស់របស់ព្រះ សុទ្ធតែមានឯកសិទ្ធិ នៅក្នុងការធ្វើជាអ្នកបញ្ចេញពន្លឺ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះទ្រង់បានរចនាយើងមក ដើម្បីឲ្យរស់នៅជាពន្លឺ នៃក្តីសង្ឃឹមដ៏ស្ថិតស្ថេរ និងក្តីស្រឡាញ់គ្មានលក្ខខណ្ឌរបស់ព្រះ។ ពេលណាយើងផ្សាយដំណឹងល្អ និងបម្រើអ្នកដទៃ ក្នុងព្រះនាមព្រះយេស៊ូវ យើងក្លាយជាពន្លឺដ៏ភ្លឺចិញ្ចាច និងជាទីបន្ទាល់ដ៏រស់។ ការល្អគ្រប់យ៉ាង ស្នាមញញឹមដ៏សប្បុរស ពាក្យលើកទឹកចិត្តដ៏ស្រទន់ និងការអធិស្ឋានអស់ពីចិត្ត បង្កើតឲ្យមានការរំឭកដ៏ភ្លឺចិញ្ចាច អំពីភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌរបស់ព្រះ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ(ម៉ាថាយ ៥:១៤-១៦)។
ទោះជាយ៉ាងណាក៏ដោយ ពេលណាព្រះទ្រង់ដឹកនាំយើង ហើយយើងបម្រើព្រះអង្គ នោះព្រះអង្គនឹងប្រើយើង ដើម្បីជួយអ្នកដទៃ ឲ្យអាចបញ្ចេញពន្លឺរបស់ព្រះអង្គ។ ព្រះទ្រង់បានប្រទាននូវពន្លឺពិតប្រាកដ តាមរយៈព្រះវិញ្ញាណព្រះអង្គ នោះយើងក៏អាចបញ្ចេញពន្លឺ និងសេចក្តីស្រឡាញ់នៃព្រះវត្តមានព្រះអង្គផងដែរ។—Xochitl Dixon