កាល​នៅ​ពី​ក្មេង លោកប្រ៊ូស វែរ(Bruce Ware) ដែល​ជា​អ្នក​ទេវ​សាស្រ្ត មាន​ចិត្ត​នឿយ​ណាយ ពេល​ដែល​គាត់​បាន​អាន​បទ​គម្ពីរ ១​ពេត្រុស ២:២១-២៣ ដែល​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។ ក្នុង​សៀវ​ភៅ ដែល​លោក​វែរ​បាន​និពន្ធ មាន​ចំណង​ជើង​ថា ព្រះគ្រីស្ទ​យេស៊ូវ   គាត់បាន​សរសេរ អំ​ពី​អារម្មណ៍​នឿយ​ណាយ​របស់​គាត់ ក្នុង​វ័យ​យុវជន​យ៉ាង​ដូចនេះ​ថា កាល​នោះ គាត់​គិត​ថា គាត់​មិន​អាច​ធ្វើ​តាម​ខគម្ពីរ​នេះ​បាន​ទេ ជា​ពិសេស នៅ​ពេល​ដែល​ខគម្ពីរ​នេះ​បាន​ប្រាប់​ឲ្យ​យើង ​ឲ្យ​យក​គំរូ​តាម ព្រះ​ដែល​មិន​ធ្លាប់​ធ្វើ​អំពើ​បាប។ គាត់​ថា រឿង​នេះ​ពិត​ជា​ចម្លែក​ណាស់ គាត់​មិន​ជឿ​ថា គាត់​អាច​ធ្វើ​តាម​ខគម្ពីរ​នេះ​បាន​ឡើយ។

ខ្ញុំ​យល់អំពី​មូល​ហេតុ ដែល​លោក​វែរ​គិត​ថា ការ​អនុត្ត​តាម​ខគម្ពីរ​នេះ មាន​ការ​ពិបាក។ គឺ​ដូច​ដែល​បទ​ខ្លីមួយ​បទ​បាន​ច្រៀង​ថា “ចិត្ត​ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ខ្ញុំ មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ”។ ជា​ការ​ពិត​ណាស់ យើង​មិន​មាន​លទ្ធ​ភាព​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​លក្ខណៈ​ដូចព្រះ​អង្គ​ឡើយ។ បើ​យើង​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង យើង​មិន​អាច​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​ឡើយ។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ ព្រះ​អង្គ​មិន​បាន​ទុក​ឲ្យ​យើង​ពឹង​កម្លាំង​ខ្លួន​ឯង​នោះ​ឡើយ។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​កូន​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​គ្រីស្ទ​មាន​រូប​រាង ក្នុង​យើង​(កាឡាទី ៤:១៩)។ ហេតុ​នេះ​ហើយ ក្នុង​ជំពូក​ដែល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ គាត់​បាន​សរសេរ​ថា “ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់”(រ៉ូម ៨:២៩)។ ព្រះ​ទ្រង់​នឹង​បញ្ចប់​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​ក្នុង​ជីវិត​យើង តាម​រយៈព្រះ​វិញ្ញាណ​បរិសុទ្ធ នៃ​ព្រះ​យេស៊ូវ ដែល​គង់​នៅ​ក្នុង​យើង។

កាល​ណា​យើង​ចុះ​ចូល​នឹង​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ក្នុង​យើង នោះ​យើង​នឹង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ។ យើង​អាចមាន​ការ​កម្សាន្ត​ចិត្ត​ ដោយ​ដឹង​ថា នេះ​ជា​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​របស់​ព្រះ។—Bill Crowder