លោក​គ្រូ​គង្វាល សេមី នីហ្កូ(Semi Nigo ) ជា​អ្នក​ដឹក​នាំ​ព្រះ​វិហារ​ជន​ជាតិ​ខេលីកូ នៅ​ប្រទេស​ស៊ូដង់ ខាង​ត្បូង។ គាត់​បាន​រៀប​រាប់ អំពី​ការ​លំបាក​របស់​ពួក​ជំនុំ​គាត់ នៅ​ក្នុង​ការ​ទទួល​ព្រះ​គម្ពីរ​ប៊ីប​ជា​ភាសា​របស់​ពួក​គេ។ គាត់​ថា “ពេល​វេលា​កន្លង​ផុត​ទៅ សង្រ្គាម​ក៏​បាន​ចូល​មក​ដល់”។  ជា​ការ​ពិត​ណាស់ កាល​នោះ ព្រះ​គម្ពីរ​ប៊ីប មិន​ទាន់​បាន​បោះ​ពុម្ពផ្សាយ​ជា​ភាសា​ខេលីកូ​នៅ​ឡើយ​ទេ។ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ជីតា​របស់​លោក​គ្រូនីហ្កូ បាន​ចាប់​ផ្តើម​កម្ម​វិធី​បក​ប្រែ​ព្រះ​គម្ពីរ​ប៊ីប ដោយ​ចិត្ត​ក្លាហាន ប៉ុន្តែ សង្រ្គាម និង​ភាព​វឹក​វរ​ក្នុង​ប្រទេស​គាត់ បាន​ធ្វើ​ឲ្យ​កម្ម​វិធី​នេះ​ត្រូវ​ផ្អាក​ ។ ប៉ុន្តែ ទោះ​មាន​ការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តងទៀត មក​លើ​ជំរុំ​ភៀស​ខ្លួន​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​យូហ្កានដា​ខាង​ជើង និង​នៅ​សាធារណៈ​រដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ​ក៏ដោយ ​ក៏​លោក​គ្រូ​គង្វាល និង​ពួក​ជំនុំ​របស់​គាត់​នៅ​តែ​បន្ត​កម្ម​វីធី​បក​ប្រែ​នេះ។

ការ​តស៊ូ​របស់​ពួក​គេ​ក៏​ទទួល​បាន​ជោគ​ជ័យ។ បន្ទាប់​ពី​ការ​ប្រឹង​ប្រែង ជិត​៣​ទសវត្សរ៍ គេ​ក៏​បាន​ចែក​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ជា​ភាសាខេលីកូ ដល់​ជន​ភាស​ខ្លួន ក្នុង​ពិធី​អប​អរ​ដ៏​សប្បាយ​រីក​រាយ។ អ្នក​ប្រឹក្សា​យោបល​របស់​កម្ម​វីធី​នេះ​បាន​និយាយ​ថា “ជន​ជាតិ​ខេលីកូ មាន​ក្តី​អំណរ​លើស​ពាក្យ​ពណ៌នា”។

ការ​ប្តេជ្ញា​ចិត្ត​របស់​ជន​ជាតិ​ខេលីកូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​បង្គាប់​លោក​យ៉ូស្វេ​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ។  គឺ​ដូច​ដែលព្រះ​អង្គ​បាន​ប្រាប់​គាត់​ថា “កុំ​ឲ្យ​គម្ពីរ​ក្រឹត្យវិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹកជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង”(យ៉ូស្វេ ១:៨)​។

ជន​ជាតិ​ខេលីកូ​មាន​ចិត្ត​អត់​ធ្មត់ នៅ​ក្នុង​ការ​ខិត​ខំ​បក​ប្រែ​ព្រះ​គម្ពីរ​ប៊ីប រហូត​ទទួល​បាន​ជោគ​ជ័យ។ អ្នក​បក​ប្រែ​ម្នាក់​បាននិយាយ​ថា សព្វ​ថ្ងៃ​នេះ គាត់​តែង​តែ​ឃើញ​ជន​ជាតិ​ខេលីកូ នៅ​ជំរុំ​ជន​ភាស​ខ្លួន​ មាន​ទឹក​មុខ​ញញឹម​ជា​និច្ច។ ការ​អាន និង​យល់​ព្រះ​បន្ទូល​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប បាន​នាំ​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម។ ដូច​នេះ ចូរ​យើង​នៅ​តែ​បន្ត​ស្វែង​រក​អំណាច និង​ប្រាជ្ញា​នៃព្រះ​គម្ពីរ​ប៊ីប ដូច​ជន​ជាតិ​ខេលីកូ​ផង​ដែរ។—Patricia Raybon