លោកគ្រូគង្វាល សេមី នីហ្កូ(Semi Nigo ) ជាអ្នកដឹកនាំព្រះវិហារជនជាតិខេលីកូ នៅប្រទេសស៊ូដង់ ខាងត្បូង។ គាត់បានរៀបរាប់ អំពីការលំបាករបស់ពួកជំនុំគាត់ នៅក្នុងការទទួលព្រះគម្ពីរប៊ីបជាភាសារបស់ពួកគេ។ គាត់ថា “ពេលវេលាកន្លងផុតទៅ សង្រ្គាមក៏បានចូលមកដល់”។ ជាការពិតណាស់ កាលនោះ ព្រះគម្ពីរប៊ីប មិនទាន់បានបោះពុម្ពផ្សាយជាភាសាខេលីកូនៅឡើយទេ។ កាលប៉ុន្មានទសវត្សរ៍មុន ជីតារបស់លោកគ្រូនីហ្កូ បានចាប់ផ្តើមកម្មវិធីបកប្រែព្រះគម្ពីរប៊ីប ដោយចិត្តក្លាហាន ប៉ុន្តែ សង្រ្គាម និងភាពវឹកវរក្នុងប្រទេសគាត់ បានធ្វើឲ្យកម្មវិធីនេះត្រូវផ្អាក ។ ប៉ុន្តែ ទោះមានការវាយប្រហារម្តងហើយម្តងទៀត មកលើជំរុំភៀសខ្លួនរបស់ពួកគេ នៅក្នុងប្រទេសយូហ្កានដាខាងជើង និងនៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោក៏ដោយ ក៏លោកគ្រូគង្វាល និងពួកជំនុំរបស់គាត់នៅតែបន្តកម្មវីធីបកប្រែនេះ។
ការតស៊ូរបស់ពួកគេក៏ទទួលបានជោគជ័យ។ បន្ទាប់ពីការប្រឹងប្រែង ជិត៣ទសវត្សរ៍ គេក៏បានចែកព្រះគម្ពីរសញ្ញាថ្មី ជាភាសាខេលីកូ ដល់ជនភាសខ្លួន ក្នុងពិធីអបអរដ៏សប្បាយរីករាយ។ អ្នកប្រឹក្សាយោបលរបស់កម្មវីធីនេះបាននិយាយថា “ជនជាតិខេលីកូ មានក្តីអំណរលើសពាក្យពណ៌នា”។
ការប្តេជ្ញាចិត្តរបស់ជនជាតិខេលីកូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់បង្គាប់លោកយ៉ូស្វេឲ្យមានការស៊ូទ្រាំ។ គឺដូចដែលព្រះអង្គបានប្រាប់គាត់ថា “កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង”(យ៉ូស្វេ ១:៨)។
ជនជាតិខេលីកូមានចិត្តអត់ធ្មត់ នៅក្នុងការខិតខំបកប្រែព្រះគម្ពីរប៊ីប រហូតទទួលបានជោគជ័យ។ អ្នកបកប្រែម្នាក់បាននិយាយថា សព្វថ្ងៃនេះ គាត់តែងតែឃើញជនជាតិខេលីកូ នៅជំរុំជនភាសខ្លួន មានទឹកមុខញញឹមជានិច្ច។ ការអាន និងយល់ព្រះបន្ទូលព្រះ នៅក្នុងព្រះគម្ពីរប៊ីប បាននាំឲ្យពួកគេមានក្តីសង្ឃឹម។ ដូចនេះ ចូរយើងនៅតែបន្តស្វែងរកអំណាច និងប្រាជ្ញានៃព្រះគម្ពីរប៊ីប ដូចជនជាតិខេលីកូផងដែរ។—Patricia Raybon