កូន​ប្រុស​ខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) គឺ​ជា​សិស្ស​សាលាម​តេយ្យដ៏​រពឹស​ណាស់ បាន​ជា​គាត់​មិន​ចូល​ចិត្ត​ពេល​ស្ងាត់​ស្ងៀម នៅ​ពេល​រសៀល។ ភាព​ស្ងាត់​ស្ងៀម​នោះ ច្រើន​តែ​នាំ​ឲ្យ​គាត់​គេង​ថ្ងៃ ជា​អ្វី​ដែល​គាត់​ត្រូវ​ការ តែ​គាត់​មិន​ចូល​ចិត្ត។ ដូច​នេះ គាត់ក៏​បាន​អង្គុយ​នៅ​មិន​ស្ងៀម នៅលើ​កៅ​អី​របស់​គាត់ សម្រូត​ខ្លួន​នៅ​លើ​សាឡុង រំអិល​ជើង​នៅ​លើ​រនាប​ឈើ ហើយ​ថែម​ទាំងរមៀល​ខ្លួ​នពេញ​បន្ទប់ ដើម្បី​ជៀស​វាង​ភាព​ស្ងាត់​ស្ងៀម។ ពេល​ខ្លះ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ឃ្លាន ពេល​ខ្លះ​គាត់​ថា គាត់​ស្រេក​ទឹក ម្តង​ថា​ចង់​ទៅ​បន្ទប់​ទឹក ហើយ​ម្តង​ចង់​ឲ្យ​ខ្ញុំ​ឱប​គាត់។

ខ្ញុំ​យល់​អំ​ពី​អត្ថ​ប្រយោជន៍​នៃ​ភាព​ស្ងៀម​ស្ងាត់ ដូច​នេះ ខ្ញុំ​ក៏​បាន​ជួយ​ហ្សាវីយ័រ ឲ្យ​សម្រួល​ឥរិយាបថ ដោយ​ឱប​គាត់ នៅ​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​គាត់​ក៏​គេង​លក់។

ក្នុង​ដើម​ដំបូង​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ ខ្ញុំ​មាន​លក្ខណៈ​មិន​ខុស​ពី​កូន​ប្រុស​របស់​ខ្ញុំ ដែល​តែង​តែ​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​ជា​និច្ច។ ភាព​មមា​ញឹក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ទទួល​ស្គាល់​ខ្ញុំ និង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​សារៈ​សំខាន់ និង​មាន​ម្ចាស់​ការ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ព្រួយ​បារម្ភ អំពី​ចំណុច​ខ្វះ​ខាត និង​ទុក្ខ​លំបាក​របស់​ខ្ញុំ។ ពេល​ណា​ខ្ញុំ​សម្រាក ខ្ញុំ​ក៏​បាន​គិត​អំពី​ភាព​ជា​មនុស្ស​របស់​ខ្ញុំ ដែល​មិន​គ្រប់​លក្ខណ៍។ ដូច​នេះ ​ខ្ញុំ​ក៏​បាន​ជៀស​វាង​ភាព​ស្ងាត់​ស្ងៀម ដោយ​មាន​ការ​សង្ស័យ​ថា ព្រះ​ប្រហែល​មិន​អាចដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ​បាន​ឡើយ បើ​សិន​ជា​ខ្ញុំ​មិន​មាន​ការ​ប្រឹង​ប្រែង​ទេ​នោះ។

ប៉ុន្តែ ព្រះ​អង្គ​ជា​ទី​ជ្រក​កោន​របស់​យើង ទោះ​យើង​មាន​បញ្ហា ឬ​ភាព​មិន​ច្បាស់​លាស់​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ផ្លូវ​នៅ​ខាង​មុខ ហាក់​ដូច​ជា​វែង​ឆ្ងាយ គួរ​ឲ្យ​ខ្លាច ឬ​ពិបាក​លើស​សមត្ថ​ភាព ប៉ុន្តែ ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​ស្តាប់​ឮពាក្យ​ដែល​យើង​អធិស្ឋាន ព្រះ​អង្គ​ឆ្លើយ​តប ហើយ​គង់​នៅ​ជា​មួយ​យើង … ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត ចូល​ទៅ​ក្នុងភាព​អស់​កល្ប​ជា​និច្ច​(ទំនុក​ដំកើង ៩១)។

យើង​អាច​ឱប​ក្រសោប​យក​ភាព​ស្ងាត់​ស្ងៀម ហើយ​ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល និង​ព្រះ​វត្តមាន​ដ៏ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ។ យើង​អាច​នៅ​ស្ងៀម ហើយ​សម្រាក​ក្នុង​ព្រះ​អង្គ ព្រោះ​យើង​មាន​សុវត្ថិភាព នៅ​ក្នុង​កន្លែង​ជ្រក​កោន នៃសេចក្តី​ស្មោះ​ត្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អង្គ(ខ.៤)។—Xochitl Dixon