កូនប្រុសខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) គឺជាសិស្សសាលាមតេយ្យដ៏រពឹសណាស់ បានជាគាត់មិនចូលចិត្តពេលស្ងាត់ស្ងៀម នៅពេលរសៀល។ ភាពស្ងាត់ស្ងៀមនោះ ច្រើនតែនាំឲ្យគាត់គេងថ្ងៃ ជាអ្វីដែលគាត់ត្រូវការ តែគាត់មិនចូលចិត្ត។ ដូចនេះ គាត់ក៏បានអង្គុយនៅមិនស្ងៀម នៅលើកៅអីរបស់គាត់ សម្រូតខ្លួននៅលើសាឡុង រំអិលជើងនៅលើរនាបឈើ ហើយថែមទាំងរមៀលខ្លួនពេញបន្ទប់ ដើម្បីជៀសវាងភាពស្ងាត់ស្ងៀម។ ពេលខ្លះគាត់ប្រាប់ខ្ញុំថា គាត់ឃ្លាន ពេលខ្លះគាត់ថា គាត់ស្រេកទឹក ម្តងថាចង់ទៅបន្ទប់ទឹក ហើយម្តងចង់ឲ្យខ្ញុំឱបគាត់។
ខ្ញុំយល់អំពីអត្ថប្រយោជន៍នៃភាពស្ងៀមស្ងាត់ ដូចនេះ ខ្ញុំក៏បានជួយហ្សាវីយ័រ ឲ្យសម្រួលឥរិយាបថ ដោយឱបគាត់ នៅចំហៀងខ្លួនខ្ញុំ ហើយគាត់ក៏គេងលក់។
ក្នុងដើមដំបូងនៃជីវិតខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំមានលក្ខណៈមិនខុសពីកូនប្រុសរបស់ខ្ញុំ ដែលតែងតែចង់ធ្វើនេះធ្វើនោះជានិច្ច។ ភាពមមាញឹកបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គេទទួលស្គាល់ខ្ញុំ និងមានអារម្មណ៍ថា ខ្លួនឯងមានសារៈសំខាន់ និងមានម្ចាស់ការ ហើយធ្វើឲ្យខ្ញុំភ្លេចព្រួយបារម្ភ អំពីចំណុចខ្វះខាត និងទុក្ខលំបាករបស់ខ្ញុំ។ ពេលណាខ្ញុំសម្រាក ខ្ញុំក៏បានគិតអំពីភាពជាមនុស្សរបស់ខ្ញុំ ដែលមិនគ្រប់លក្ខណ៍។ ដូចនេះ ខ្ញុំក៏បានជៀសវាងភាពស្ងាត់ស្ងៀម ដោយមានការសង្ស័យថា ព្រះប្រហែលមិនអាចដោះស្រាយបញ្ហារបស់ខ្ញុំបានឡើយ បើសិនជាខ្ញុំមិនមានការប្រឹងប្រែងទេនោះ។
ប៉ុន្តែ ព្រះអង្គជាទីជ្រកកោនរបស់យើង ទោះយើងមានបញ្ហា ឬភាពមិនច្បាស់លាស់ច្រើនយ៉ាងណាក៏ដោយ។ ផ្លូវនៅខាងមុខ ហាក់ដូចជាវែងឆ្ងាយ គួរឲ្យខ្លាច ឬពិបាកលើសសមត្ថភាព ប៉ុន្តែ ក្តីស្រឡាញ់របស់ព្រះអង្គបានហ៊ុមព័ទ្ធយើង។ ព្រះអង្គស្តាប់ឮពាក្យដែលយើងអធិស្ឋាន ព្រះអង្គឆ្លើយតប ហើយគង់នៅជាមួយយើង … ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត ចូលទៅក្នុងភាពអស់កល្បជានិច្ច(ទំនុកដំកើង ៩១)។
យើងអាចឱបក្រសោបយកភាពស្ងាត់ស្ងៀម ហើយពឹងផ្អែកទៅលើសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួល និងព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ យើងអាចនៅស្ងៀម ហើយសម្រាកក្នុងព្រះអង្គ ព្រោះយើងមានសុវត្ថិភាព នៅក្នុងកន្លែងជ្រកកោន នៃសេចក្តីស្មោះត្រង់ ដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ(ខ.៤)។—Xochitl Dixon