មាន​ពេល​មួយ ចៅ​ៗ​របស់​ខ្ញុំ​កំពុង​តែ​រត់​លេង នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ។ យើង​ក៏​បាន​នាំ​គ្នា​ដក​រុក្ខ​ជាតិ​តូច​ៗ​ដែល​គ្មាន​ប្រយោជន៍ ចេញ​ពី​ទីធ្លា​ក្រោយ​ផ្ទះ ជា​ការ​កម្សាន្ត​សប្បាយ។ ចៅ​ខ្ញុំ​ដែល​ក្មេង​ជាង​គេ​ក៏​បាន​ប្រាប់​យើង​ ឲ្យ​ដក​ដើម​ទាំង​នោះ​ទាំង​ឫស ហើយ​គាត់​ក៏​បាន​បង្ហាញ​ដើម​ដែល​គាត់​បាន​ដក។ ភាព​សប្បាយ​រីក​រាយ​របស់​នាង​ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ដករុក្ខជាតិដែល​គ្មាន​ប្រយោជន៍​ទាំង​នោះ គឺ​បាន​បង្ហាញ​ថា យើង​មាន​មាន​ភាព​សប្បាយ​រីក​រាយ​ប៉ុណ្ណា នៅ​ក្នុង​ការ​សម្អាត​ទី​ធ្លា​ក្រោយ​ផ្ទះរបស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្តី​អំណរ​នេះ​គឺ​បាន​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។

ការ​មាន​ចិត្ត​ចង់​ដក​អំពើ​បាប​ចេញ​ពី​ជីវិត គឺ​ជា​ជំហានទី​មួយ នៅ​ក្នុង​ការ​សម្អាត​អំពើ​បាប​ផ្ទាល់​ខ្លួន។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង …សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។

ការ​ពិនិត្យ​រក​មើល​អំពើ​បាប​របស់​យើង ដោយ​បង្ហាញ​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពើ​បាប​នោះ គឺ​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ។ ព្រះអង្គ​ជ្រាប​ អំពី​យើង​គ្មាន​កន្លែង​ចន្លោះ។ “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ និង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ”(ខ.១-២)។

ស្តេច​ដាវីឌ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ”(ខ.៦)។ ដូច​នេះ មុន​ពេល​ដែល​អំពើ​បាប​ចាក់​ឫស​ចូល​ក្នុង​ជីវិត​យើង ព្រះ​ទ្រង់​អាច​ដាស់​តឿន​យើង ឲ្យ​ដឹង អំពី​គ្រោះ​ថ្នាក់​នេះ។ ព្រះ​អង្គ​ជ្រាប​អំពី​សណ្ឋាន​របស់​យើង។ ដូច​នេះ ពេល​ណា​អាកប្ប​កិរិយា​ដែល​មាន​អំពើ​បាប បានដុះ​ឡើង នោះ​ព្រះ​អង្គ​ជ្រាប​មុន​គេ ហើយ​ក៏​ចង្អុល​បង្ហាញ​ឲ្យ​យើង​ដឹង​ផង។

“តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះភក្ត្រ​ទ្រង់”(ខ.៧)។ ចូរ​យើង​ដើរ​តាម​ព្រះ​អង្គសង្រ្គោះ​នៃ​យើង​យ៉ាង​ប្រកិត ឆ្ពោះ​ទៅ​រក​ទីទួល!—Patricia Raybon