អ្នក​ប្រវត្តិ​សាស្រ្ត​បាន​និយាយ​ថា យុគសម័យ​អាតូមិច បាន​ចាប់​ផ្តើម នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​១៩៤៥ គឺ​នៅ​ពេល​ដែល​អាវុធ​នុយក្លេអ៊ែរ​ដំបូង​បំផុត ត្រូវ​បាន​គេ​បំផ្ទុះ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដាច់​ស្រយាល​មួយ​កន្លែង ក្នុង​រដ្ឋ​ញូ​មិចស៊ីកូ។ ប៉ុន្តែ ទស្សនវិទូ​ជន​ជាតិ​ក្រិក ឈ្មោះ ដេម៉ូគ្រីតូស(ឆ្នាំ ៤៦០ ដល់ ៣៧០ មុនគ.ស) បាន​រុក​រក​វត្ត​មាន និង​អំណាច​របស់​អាតូម តាំង​ពីមុន​ពេល​គេ​ច្នៃ​បង្កើត​ឧបករណ៍ ដែល​អាច​មើល​ឃើញ​អាតូម ដែល​ជា​ភាព​តូច​ល្អិត​បំផុត នៃ​ចក្រ​វាល។ លោក​ដេម៉ូ​គ្រី​តូស បាន​យល់​អំពី​ការ​អ្វី​ដែល​គាត់​មិន​អាច​មើល​ឃើញ ហើយ​ជា​លទ្ធ​ផល ក៏​បាន​បង្កើត​បាន​ទ្រឹស្តី​អំពី​អាតូម។

ព្រះ​គម្ពីរ​បាន​ចែង​ថា ជំនឿ​គឺ​ជា​ការ​ជឿ​ទៅ​លើ​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ហេព្រើរ ១១:១ បាន​ចែង​ថា “រីឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”។ ការ​ដឹង​ច្បាស់​នេះ មិន​មែន​កើត​ចេញ​ពី​ការ​គិត​ដោយ​ប្រាថ្នា​ចង់​បាន ឬ​គិត​បែប​វិជ្ជមាន​នោះ​ទេ។ តែ​ជា​ការ​ទុក​ចិត្ត​លើ​ព្រះ ដែល​យើង​មិន​អាច​មើល​ឃើញ តែ​ព្រះ​អង្គ​ពិត​ជា​មាន​ពិត​មែន។ យើង​អាច​ដឹង​ថា ព្រះ​អង្គ​មាន​ពិត​មែន ដោយ​មើល​ការ​អ្វី​ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ​(ទំនុកដំកើង ១៩:១) និង​បាន​បង្ហាញ​ចេញ​មក ឲ្យ​យើង​ឃើញ តាម​រយៈ​ចារិក​លក្ខណៈ និង​ផ្លូវ​របស់​ទ្រង់ នៅ​ក្នុង​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ ដែល​បាន​យាង​មក ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា ដល់​យើង​(យ៉ូហាន ១:១៨)។

សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គឺ​ដោយសារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង(កិច្ចការ ១៧:២៨)។ ដូច​នេះ យើង​ត្រូវ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​ការ​មើល​ឃើញ​នោះ​ទេ(២កូរិនថូស ៥:៧)។ តែ​យើង​មិន​ដើរ​តែ​ម្នាក់ឯង​នោះ​ឡើយ។ ព្រះ​ដែល​យើង​មើល​ឃើញ​យាង​ទៅ​ជា​មួយ​យើង គ្រប់​ជំហាន។—Bill Crowder