អ្នកប្រវត្តិសាស្រ្តបាននិយាយថា យុគសម័យអាតូមិច បានចាប់ផ្តើម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥ គឺនៅពេលដែលអាវុធនុយក្លេអ៊ែរដំបូងបំផុត ត្រូវបានគេបំផ្ទុះ នៅក្នុងវាលរហោស្ថានដាច់ស្រយាលមួយកន្លែង ក្នុងរដ្ឋញូមិចស៊ីកូ។ ប៉ុន្តែ ទស្សនវិទូជនជាតិក្រិក ឈ្មោះ ដេម៉ូគ្រីតូស(ឆ្នាំ ៤៦០ ដល់ ៣៧០ មុនគ.ស) បានរុករកវត្តមាន និងអំណាចរបស់អាតូម តាំងពីមុនពេលគេច្នៃបង្កើតឧបករណ៍ ដែលអាចមើលឃើញអាតូម ដែលជាភាពតូចល្អិតបំផុត នៃចក្រវាល។ លោកដេម៉ូគ្រីតូស បានយល់អំពីការអ្វីដែលគាត់មិនអាចមើលឃើញ ហើយជាលទ្ធផល ក៏បានបង្កើតបានទ្រឹស្តីអំពីអាតូម។
ព្រះគម្ពីរបានចែងថា ជំនឿគឺជាការជឿទៅលើអ្វីដែលយើងមិនអាចមើលឃើញ។ គឺដូចដែលបទគម្ពីរហេព្រើរ ១១:១ បានចែងថា “រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”។ ការដឹងច្បាស់នេះ មិនមែនកើតចេញពីការគិតដោយប្រាថ្នាចង់បាន ឬគិតបែបវិជ្ជមាននោះទេ។ តែជាការទុកចិត្តលើព្រះ ដែលយើងមិនអាចមើលឃើញ តែព្រះអង្គពិតជាមានពិតមែន។ យើងអាចដឹងថា ព្រះអង្គមានពិតមែន ដោយមើលការអ្វីដែលព្រះហស្តទ្រង់បានធ្វើ(ទំនុកដំកើង ១៩:១) និងបានបង្ហាញចេញមក ឲ្យយើងឃើញ តាមរយៈចារិកលក្ខណៈ និងផ្លូវរបស់ទ្រង់ នៅក្នុងព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ដែលបានយាងមក ដើម្បីបង្ហាញក្តីស្រឡាញ់របស់ព្រះវរបិតា ដល់យើង(យ៉ូហាន ១:១៨)។
សាវ័កប៉ុលបានមានប្រសាសន៍ថា គឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង(កិច្ចការ ១៧:២៨)។ ដូចនេះ យើងត្រូវដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ(២កូរិនថូស ៥:៧)។ តែយើងមិនដើរតែម្នាក់ឯងនោះឡើយ។ ព្រះដែលយើងមើលឃើញយាងទៅជាមួយយើង គ្រប់ជំហាន។—Bill Crowder